ព័ត៌មានជាតិ

មន្ត្រី៥នាក់ ត្រូវបានក្រុមប្រឹក្សារាជធានីភ្នំពេញទទួលយកក្រោយពីប្រជុំអនុម័ត

ភ្នំពេញៈ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២នាព្រឹកថ្ងៃទី១១ឧសភា ក្រុមប្រឹក្សារាជធានីភ្នំពេញបានអនុមត័ទទួលស្គាល់សមាសភាពក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញចំនួន៥រូប ដែលជាសមាសភាពថ្មីក្នុងនោះមាន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញជាប្រធាន, លោកមាន ចាន់យ៉ាដា នាយករដ្ឋ បាលសាលារាជធានីភ្នំពេញជាសមាជិក, លោកម៉េត មាសភក្តី ប្រធានការិយាល័យសុវត្ថិ ភាពសាធារណៈ, លោកជិន ប៊ុនធឿន មន្ត្រីការិយាល័យសុវត្ថិភាពសាធារណៈជាសមាជិក លោកឈាង ប៊ុនថា មន្ត្រីមន្ទីរព័ត៌មានរាជធានីភ្នំពេញជាសមាជិក។

សមាសភាពចាស់នៃក្រុមទទួលព័ត៌មានរដ្ឋបាលរាជធានីភ្នមពេញ មាន៣រូប គឺលោកឃួង ស្រេង, លោកឡុង ឌីម៉ង់ និងលោកឈាង ប៊ុនថា។ តែពេលនេះ លោកឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រ ទេសកូរ៉េខាងត្បូង។

ផ្អែកតាមប្រការ៦ នៃដីកាស្តីពីការបង្កើតក្រុមទទួលបន្ទុកព័ត៌មានរដ្ឋ បាលរាជធានីភ្នំពេញបញ្ជាក់ថា មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ឬអ្នកស្នើសុំឲ្យបានលឿនតាមដែលអាចធ្វើបាន ចំពោះការស្នើសុំព័ត៌មានជាលាយលក្ខណ៍អក្សរ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវចាត់ចែងឆ្លើយតបឲ្យ បានលឿន មិនត្រូវយឺតជាង៣០ថ្ងៃនោះទេ។ គណៈអភិបាលរាជធានីភ្នំពេញត្រូវផ្តល់សំភារៈ និងមធ្យោបាយសមស្របគ្រប់គ្រាន់ដើម្បីឲ្យមន្ត្រីទទួលបន្ទុកព័ត៌មានអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ រដ្ឋបាលរាជធានី, មន្ទីរ,អង្គភាពជុំវិញរាជធានី ត្រូវសហការ និងផ្តល់ពត៌មានជាក់លាក់សុក្រឹត្យ និងទាន់ពេលវេលាដល់មន្ត្រីទទួលបន្ទុក ព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្រុមមន្ត្រីទទួលបន្ទុកព័ត៌មានទាំង៥រូប ក្រោយពី ទទួលបានការទទួលស្គាល់ជាផ្លូវការហើយនោះ នឹងធ្វើការបែងចែកភារកិច្ចទៅតាមជំនាញនិមួយៗក្នុងការទទួល និងផ្តល់ព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ការកែសម្រួលសមាសភាពមន្ត្រីនាំពាក្យប្រចាំសាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីលោក ឡុង ឌីម៉ង់ អតីតមន្ត្រីនាំពាក្យប្រចាំសាលារាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថិភាពរបស់ប្រទេសកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជំនួសលោក ស៊ុតឌីណា ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយរកឃើញពីភាពមិន ស្អាតស្អំ ក្នុងតួនាទី និងភារកិច្ច ជាឯកអគ្គរាជទូតតំណាងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ៕

photo_2016-05-11_13-58-55 photo_2016-05-11_13-58-54 photo_2016-05-11_13-58-52 photo_2016-05-11_13-58-53 photo_2016-05-11_13-58-51

មតិយោបល់