ស្ទឹងត្រែងៈ រថយន្តសាំយ៉ុង១៥កៅអី ១គ្រឿង ដឹកឈើប្រណិតពេញឡានបានក្រឡាប់ធ្លាក់ផ្លូវ ខណៈដែលរថយន្តនោះកំពុងតែបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោងជិតស្ពានសេរកុង ស្ថិតក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ស្រាប់តែរថយន្តខាងលើបែកកង់ក្រោយខាងស្តាំ បណ្តាលឲ្យរេចង្កូតបុកបង្គោលរងនាំងផ្លូវ៦ដើម រួចជ្រុលហួសទៅក្រឡាប់ធ្លាក់ផ្លូវតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩:នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
ប្រភពបានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកអ្នកដំណើរខាងលើ ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ ក្រោយពីរថយន្តក្រឡាប់ ស្រាប់តែគេឃើញឈើប្រណិតប្រភេទបេងជាច្រើនសន្លឹកបានខ្ទាក់ចេញពីរថយន្តនោះផងដែរ។
ប្រភពបន្តថា ការដឹកជញ្ជូននេះ គឺត្រូវបានគេដឹងថា រថយន្តខាងលើជារថយន្តរបស់ឈ្មួញឈ្មោះ ណាក់ ហើយឈ្មួញម្នាក់នេះ គឺជាអ្នកស៊ីឈ្នួលដឹកឈើប្រណិតឲ្យមេឈ្មួញផ្សេងទៀតដែលនៅក្នុងស្រុកសៀមប៉ាង ដើម្បីយកមកលក់ឲ្យមេឈ្មួញជាច្រើនក្នុងទីរួមខេត្តជារៀងរាល់ថ្ងៃផងដែរ។
ប្រភពបានបន្ថែមថា ឈ្មួញម្នាក់នេះ បានដឹកឈើប្រណិតចេញពីភូមិកញ្ចាញគោកក្នុងបំណងយកចូលក្នុងទីរួមខេត្ត ប៉ុន្តែពេលមកដល់ចំណុចខាងលើរថយន្តនោះក៏បែកកង់ក្រោយ រួចក៏រេបង្កូតទៅបុកបង្គោលរងនាំងការពារផ្លូវបាក់ខ្ទេចអស់ចំនួន៦ដើម ថែមទាំងជ្រុលហួសទៅក្រឡាប់ធ្លាក់ផ្លូវតែម្តងទៅ។
បច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានស្នងការនគរបាលខេត្តនាំខ្លួនយកទៅធ្វើការសួរនាំ ចំណែកឯរថយន្តត្រូវបានម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅការ៉ាស ដើម្បីជួសជុលឡើងវិញ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ ចំពោះខេត្តស្ទឹងត្រែងបទល្មើសឈើនៅតែកើតមានយ៉ាងសកម្មនឹងជារាងរាល់ថ្ងៃជាពិសេសគឺស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ហើយឈ្មួញដែលរកស៊ីបទល្មើសឈើសុទ្ធសឹងតែជាមុខសញ្ញាចាស់ដរដែលៗ ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងមកនេះ គេមិនដែលឃើញមានការបង្ក្រាបបទល្មើសព្រៃឈើពីជំនាញណាម្នាក់ឡើយ៕
មតិយោបល់