ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៧នាក់ ដកហូតថ្នាំញៀនជាង ១០កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀនជាង១០កញ្ចប់។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣៩នាទី រសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ ភា សុខលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោចក្រ, ទី២ឈ្មោះ យ៉េន ចាន់វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស, ទី៣ឈ្មោះ ផល ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់, ទី៤ឈ្មោះ ធី រតនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៥ឈ្មោះ ធី រតនា ហៅខ្មៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជួញដូរថ្នាំញៀន, ទី៦ឈ្មោះ សុង កំសាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ និងជនសង្ស័យទី៧ឈ្មោះ សយ សាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជួញដូរថ្នាំញៀន។ អ្នកទាំង៧នាក់នេះ ស្នាក់នៅភូមិកើតហេតុខាងលើ ។
ក្នុងនោះដែរសមត្ថកិច្ចដកបានវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក LCE សង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១កញ្ចប់ និងកញ្ចប់តូចចំនួន១០កញ្ចប់។ ដោយកញ្ចប់ធំ១ និងកញ្ចប់តូច១ ជាថ្នាំញៀនរបស់ជនសង្ស័យឈ្មោះ ធី រតនា, ចំណែកថ្នាំញៀនចំនួន៩កញ្ចប់ទៀត ជារបស់ឈ្មោះ សយ សាយ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ លោកអធិការបានរាយការណ៍តាមរយៈលេខទូរសព្ទ ទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសុំដាក់កម្លាំងញ៉ុះញ៉ុង ទិញថ្នាំញៀន ហើយលោកស្នងការរងក៏បានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក៏បានអនុញ្ញាតឲ្យកម្លាំងផ្ដល់ព័ត៌មានចូលទៅទិញថ្នាំញៀនពីឈ្មោះ សយ សាយ និងឈ្មោះ ធី រតនា ហៅខ្មៅ បានចំនួន១កញ្ចប់តូច។

ក្រោយមកលោកអធិការបានដឹកនាំកម្លាំងជំនាញសហការណ៍ជាមួយប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងសុំគោលការណ៍ទៅលោកស្នងការរងទទួលផែនប្រឆាំបទល្មើស ដើម្បីសុំការអនុញ្ញាតធ្វើការឆែកឆេរផ្ទះចំនួន២ទៀត ក៏បានរកឃើញថ្នាំញៀននៅផ្ទះរបស់ឈ្មោះ សយ សាយ ចំនួន៩កញ្ចក់តូច និងផ្ទះរបស់ឈ្មោះ ធី រតនា ហៅខ្មៅ រកឃើញថ្នាំញៀនចំនួន២កញ្ចប់ កញ្ចប់ធំចំនួន១និងកញ្ចប់តូចចំនួន១ រួមនិងបក្ខពួក៥នាក់ទៀត។ ជាលទ្ធផលសមត្ថកិច្ច ចុះបង្រ្កាបបានរកឃើញ ម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកកLCEសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ កញ្ចប់ធំចំនួន១ និងកញ្ចប់តូចចំនួន១០ និងសម្ភារៈសម្រាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់