ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ជិះម៉ូតូចេញពីបង្ក្រាបគ្រឿងញៀន ត្រូវរថយន្តឡិចស៊ីស RX-330 មួយគ្រឿង របស់មិត្តរួមការងារជាមួយគ្នា កៀរដួល បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង នៅចាក់អង្រែលើ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទី រសៀល ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខខារ៉ាអូខេ ១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មា នពីនគរបាលមូលដ្ឋាន ម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុមានកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញមួយក្រុម បានចុះមកធ្វើការបង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់លោក ក្បែរកន្លែងកើតហេតុ ដោយមិនបានធ្វើការសហការជាមួយនិង កម្លាំងប៉ុស្តិ៍ចាក់អង្រែលើ របស់លោកឡើយ។
ប្រភពដដែលបន្តថា ក្រោយពីធ្វើបង្ក្រាបរួចហើយនោះ សមត្ថកិច្ចទាំងនោះក៏បានធ្វើដំណើរចេញមកវិញ ដោយមានអ្នកខ្លះជិះម៉ូតូ និងអ្នកខ្លះទៀតជិះរថយន្ត ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បុរសជាមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-0890 មួយគ្រឿង ក៏ត្រូវបានរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាសមិនចាំស្លាកលេខ មួយគ្រឿង របស់អ្នកធ្វើការជាមួយគ្នា បានបើកមកកៀរ បណ្តាលឲ្យដួលបាក់ជើងខាងឆ្វេងម្ខាងតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានធ្វើការប្តឹងផ្តល់ឬ តម្រូវឲ្យនគរបាលមូលដ្ឋាន ជួយធ្វើការដោះស្រាយឡើយ ដោយសារតែសុទ្ធតែជាអ្នកធ្វើការងារជាមួយគ្នានោះ ក៏សុខចិត្តបញ្ជូន មន្ត្រីនគរបាលដែលជាជនរងគ្រោះរូបនោះ ទៅធ្វើការព្យាបាលដោយខ្លួនឯងតែម្តង៕
មតិយោបល់