ស្រីលង្កាៈ ថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសក្នុងប្រទេស បានចាប់ខ្លួនមនុស្ស ២០ នាក់ ដោយចោទប្រកាន់ពួកគេ ជាប់ពាក់នឹងការលាក់អាវុធខុសច្បាប់ ក្រោយរកឃើញមានបង្កប់កាំភ្លើងដៃ នៅខាងក្នុងអគារតុលាការស្រុកមួយ ក្នុងរដ្ឋធានីកាលពីថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិយាយថា នាយកដ្ឋានព្រហ្មទណ្ឌស៊ើបអង្កេត (CID) បានធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិច្ច័យ ដើម្បីចាប់ជនសង្ស័យប្រព្រឹត្តរឿងនេះ តាមរយៈស្នាមម្រាមដៃរកឃើញនៅលើអាវុធផងដែរ។
កិច្ចដំណើរការនេះ ត្រូវបានធ្វើទ្បើងកាលពីថ្ងៃពុធ ក្រោយប៉ូលិសរកឃើញមានផ្ទុកអាវុធ នៅខាងក្នុងបរិវេណតុលាការ។
អាវុធនេះ ត្រូវបានរកឃើញ នៅក្នុងអំទ្បុងប្រតិបត្ដិការស៊ើបអង្កេត ជុំវិញឧប្បត្តិហេតុបាញ់ប្រហារ នៅក្បែរបរិវេណតុលាការក្រុង Kalutara ពេលថ្មីៗនេះ ស្ថិតនៅភាគខាងត្បូងប្រទេស ហើយបើតាមការបញ្ជាក់ពីប៉ូលិស វាអាចត្រូវបានគេនាំចូលមកកាន់អគារតុលាការ ក្នុងគោលបំណង ដើម្បីអនុវត្តការវាយប្រហារមួយ៕
មតិយោបល់