ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តទំនើបចង្កូតស្តាំ២គ្រឿង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ រថយន្តវីហ្គូ ស៊េរីទំនើប ចង្កូតស្តាំ២គ្រឿង ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់បញ្ជូនទៅតុលាការនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។

លោក ចាប សុផាឬទ្ធិ ស្នងការងកណ្តាលប្រឆាំងបទល្មើសរបស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យយ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តក្នុងការបង្រ្កាបបទល្មើសសេដ្ឋកិច្ច ការិយាល័យជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ លើមុខសញ្ញានាំចូលរថយន្ត ដែលរដ្ឋាភិបាលហាមឃាត់ រហូតឈានដល់ឃាត់រថយន្ត២គ្រឿង ដែលកំពុងលួចលាក់ចរាចរខុសច្បាប់។ ក្នុងនោះរថយន្តដែលឃាត់បាន ជារថយន្តម៉ាក តូយូតាវីហ្គូ ទាំង២គ្រឿង ដោយ១គ្រឿងពណ៌ទឹកប្រាក់ និង១គ្រឿងទៀតពណ៌ទឹកសមុទ្រ ដោយគ្មានឯកសារអ្វីទាំងអស់ ។

លោកបានបន្តទៀតថា រថយន្តទាំង២គ្រឿងនេះ ជារបស់ឈ្មួញជួញដូររថយន្តឈ្មោះ កៅ នៅខេត្តបាត់ដំបង ។ ក្នុងការបង្ក្រាបនេះ បានធ្វើឡើងនៅទីរួមក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយពុំបានធ្វើការឃាត់តៃកុងរថយន្តទាំង២នាក់នោះទេ គ្រាន់តែធ្វើការហៅសាកសួរ រកប្រភពនៃការនាំចូលរថយន្តទាំងនេះ។

សូមបញ្ជាក់ថា វាមិនមែនជាលើកទី១ទេ ដែលរថយន្តយន្តចង្កូតស្តាំត្រូវបានគេនាំចូលមកក្នុងខេត្តបន្ទាយមានជ័យ ហើយឈ្មួញដែលនាំចូលក៏មិនធម្មតាដែរ សុទ្ធតែប៉ូលិស ទាហាន ដែលមានខ្នងមានខ្សែគ្រាកៗក្នុងខេត្ត ហើយសន្ទុះនៃការហូរចូលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យមានការបង់ពន្ធលើរថយន្តចង្កូតស្តាំដែលសេសសល់ហើយកំពុងប្រើប្រាស់មិនស្របច្បាប់ឲ្យចូលបង់ពន្ធឡើងវិញ គេឃើញថាទាំងឈ្មួញ ទាំងសមត្ថកិច្ចពាក់ពន្ធ័និងអាជ្ញាធរខេត្ត បានបើកឲ្យរថយន្តចង្កូតស្តាំនាំចូលជាថ្មី ហូរចូលយ៉ាងគគ្រឹកគគ្រេង ដើម្បីឲ្យទាន់រដូវកាលបង់ពន្ធនឹងបន្តមកដល់សព្វថ្ងៃនេះ៕

មតិយោបល់