ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២៥ករណី ឃាត់មនុស្ស ៥៦នាក់ ក្នុងនោះស្រី៩នាក់។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២១ករណី ឃាត់ ៣១នាក់ ក្នុងនោះមានស្រី៤នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៤ករណី ឃាត់ ២៥នាក់ ក្នុងនោះមានស្រី៥នាក់ និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន (ice)= ៤១,៣៩ក្រាម, ៤កញ្ចប់ធំ និង៣៨កញ្ចប់តូច និងមេតំហ្វេតាមីន (wy)=១៣ក្រាម។
លទ្ធផលដែលបង្ក្រាបហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥៦នាក់ និងវត្ថុតាង១ចំនួននេះមានការចូលរួម ១១អង្គភាព ១.មន្ទីរ ២.កំពង់ឆ្នាំង ៣.កណ្ដាល ៤.មណ្ឌលគីរី ៥.ក្រចេះ ៦.ព្រៃវែងឋ៧.សៀមរាប ៨.ព្រះសីហនុ ៩.ស្ទឹងត្រែង ១០.ត្បូងឃ្មុំ និង១១.រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕
មតិយោបល់