ព័ត៌មានជាតិ

Update៖ រន្ធត់! ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ត២គ្រឿងបុកផ្ទប់ ស្លាប់ទាំង៣នាក់

ព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចហោះ បុកគ្នាពេញទំហឹង គៀបម៉ូតូសេ១២៥ ពណ៌ខ្មៅ ឌុបគ្នា៣នាក់នៅចន្លោះរថយន្ត ខ្ទេចម៉ូតូទាំងស្រុងមើលមិនយល់ ចំណែកអ្នកទាំង៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតលើបណ្តាយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ ស៊ឹម កុសល អធិការនគរបាលស្រុកពារាំង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំនួន៣នាក់ បានជិះម៉ុតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1CL-0450 ក្នុងទិសដៅពីកើតមកលិច។ លុះដល់ចំណុចកើតហតុ ម៉ូតូបានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ហើយបានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0722 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដឹកទំនិញដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា រួចហើយក៏រេចង្កូតជ្រុលទៅកណ្តាលផ្លូវ បុកផ្ទប់នឹងរថយន្ត មួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AE-7260 ដែលបើកបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ឡៃ ឆៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអូខ្លូត ឃុំតាមុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ រហូតដល់ស្លាប់នៅនឹងកន្លែកកើត ហេតុ។ ចំណែកអ្នកជិះក្នុងរថយន្តសាំងយ៉ុង មានម្នាក់រងរបួសស្រាលផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងបានទំនាក់ទំនងក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបញ្ជូនមកសង្គ្រោះមន្ទីពេទ្យស្រុកពារាំង។ ចំណែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបាននគរបាល យកមករក្សាទុកនៅអធិការដ្នាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់