ព្រះសីហនុៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីពួកគេទាំងនេះ បានធ្វើសកម្មភាពយកដាវស៊ាំម៉ូរ៉ៃ កាប់ប្រហារទៅលើយុវជនម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់សុះពេញខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ថាមានករណីហិង្សាកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឲ្យរបួសធ្ងន់ ។ ភ្លាមនោះដោយមានការចង្អុល ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យកម្លាំងជំនាញរបស់ការិយាល័យកណ្តាលព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យ ដោយសហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋានស្រុកស្ទឹងហាវ យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះករណីក្រុមជនទំនើង ទាំងនេះ ច្រើនតែកោងកាច រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២ ទៅម៉ោង២រសៀល ឃាត់បាននៅសង្កាត់លេខ១ ក្រុងព្រះសីហនុបាន២នាក់ នៅស្រុកស្ទឹងហាវបាន៣នាក់ ដោយទី១.ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទី២.ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។, ទី៣.ឈ្មោះ ម៉ៅ ចាន់បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទី៤.ឈ្មោះ ហ៊ន វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ, ៥.ឈ្មោះ យាង មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដកហូតបានដាវ ១ដើម ដែលធ្វើសកម្មភាព និង១ដើមទៀត ជនសង្ស័យបានបោះចោល មិនទាន់ឃើញ រួមនិងម៉ូតូចំនួន២គ្រឿងសម្រាប់ជិះធ្វើសកម្មភាព
ចំណែកជនរងគ្រោះមានឈ្មោះ តាំ សុខងួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសត្រូវក្បាល ២ដាវ, ត្រូវជើងខាងឆ្វេងក្រោមជង្គង់បណ្តាលឲ្យបាក់, ត្រូវប្រអប់ដៃខាងស្តាំ និងត្រូវកជើងខាងស្តាំ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕









មតិយោបល់