ភ្នំពេញៈ តាមការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញសាលារាជធានីភ្នំពេញ បានបង្ហាញថា ចំនួនអ្នកថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខវិទ្យាល័យជម្ពូវ័ន្តឬ ផ្សារជម្ពូវ័ន្តមានប្រមាណជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃ ក្នុងនោះសិស្សសាលា មានជាង៥ពាន់នាក់ ក្នុងមួយថ្ងៃផងដែរ ។
ក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការពង្រីកកំណាត់ផ្លូវខាងលើនេះ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរភ្នំពេញនាពេលបច្ចុប្បន្ន ។
គម្រោងនេះត្រូវដាក់លូមុនគេចាប់ពីមុខផ្សារជម្ពូវ័ន្តទៅរង្វង់មូលចោមចៅហើយកំណាត់ផ្លូវជាតិលេខ៤នេះក៏ត្រូវពង្រីកចាប់ពីរង្វង់មូលចោមចៅដល់ចំណុចផ្លូវបំបែកកប់ស្រូវ ដោយស្ថាបនាផ្លូវសម្រាប់៣ខ្សែរថយន្តទៅ ៣ខ្សែមក និងផ្លូវសម្រាប់ទោចក្រយានយន្ត១ខ្សែមកសងខាង។
នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ពេលនេះ សាលារាជធានីភ្នំពេញ បាន និងកំពុងចាប់ផ្តើមស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ មានប្រវែង ១៧៥០ម៉ែត្រ ។
លោកបន្តថា គម្រោងនេះ មានស្ថាបនាផ្លូវអាកាសថ្មើរជើងចំនួន២កន្លែង ដាក់លូប្រអប់ លូចំហអមសងខាងផ្លូវ លាបគំនូសចរាចរ ដាក់ស្លាកសញាចរាចរ និងតម្លើងបង្គោលភ្លើងព្រែកជា២ផងដែរ ។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា កំណត់ផ្លូវនេះ ត្រូវស្ថាបនាត្រូវពង្រីកទទឹង៣៤.៥ម៉ែត្រ និងស្ថាបនា ចិញ្ចើមថ្នល់៧.៧៥ម៉ែត្រសងខាងដោយមានការរៀបចំបង្គោលភ្លើង សម្រាប់បំភ្លឺពេលយប់សរុប៤៤បង្គោល រៀបចំខឿនបេតុងសងខាងចិញ្ចើមផ្លូវ ។គម្រោងការនេះមានស្ថាបនាស្ពានឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើង ប្រវែង៤៥.៧ម៉ែត្រ ទទឹង៣.៦ម៉ែត្រ និងកម្ពស់៥.៥ម៉ែត្រ ហើយបើមិនមានការប្រែប្រួលទេនោះ គម្រោងសាងសង់ខាងលើនេះ នឹងត្រូវប្រើរយៈពេល១៤ខែ ។
មតិយោបល់