ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង ចៅសង្កាត់ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធក្រុងបូកគោ នៃខេត្តកំពត។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអបអរសាទ ចំពោះលោក-លោកស្រីសមាជិក ក្រុមប្រឹក្សាក្រុងបូកគោ ដែលត្រូវបាន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំ និងគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងបូកគោ នឹងរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ក្រុងបូកគោ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលនេះជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងបូកគោ ដែលទើបបង្កើតថ្មី ជាពិសេសការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងបូកគោ នៃខេត្តកំពតរបស់យើង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោនៃខេត្តកំពត តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើនដែលធ្វើឱ្យអាជ្ញាធរស្រុកជួបការលំបាកក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕

មតិយោបល់