ព័ត៌មានជាតិ

ផ្ទះសំណាក់និងសណ្ឋាគារនៅសៀមរាប ឡើងខ្ពស់រាល់ឆ្នាំ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរ

សៀមរាប ​៖​ ភ្ញៀវ​ទេសចរណ៍​ដែល​គ្រោង​មក​ចូលរួម​ពិធី​អង្គរ​សង្ក្រាន្ត​ក្នុង​ថ្ងៃ​បុ​ណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ នៅ​ខេត្តសៀមរាប​ បាន​សម្ដែង​ការ​ ត្អូញត្អែរ​ថា ​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​នៅ​ខេត្ត​ទេសចរណ៍​ មួយ​មានការ​ឡើងថ្លៃ​ស្រេច​ តែ​អំពើ​ចិត្ត​ ហើយ​អាជ្ញាធរ​ និង​មន្ទីរ​ពាក់ព័ន្ធ​ហាក់​បីដូច​​មិន​ខ្វាយខ្វល់​សោះឡើយ​។
ភ្ញៀវ​ទេសចរណ៍​ម្នាក់ ​មកពី​ភ្នំពេញ​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ ​បាន​ឲ្យ​ដឹងថា​ ដោយសារ​​តែ​ក្រុមគ្​រួសារ​និង​ក្រុមការងារ​បាន​ឈប់​សំរាក​ពី​ការងារ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ហើយ​មានបំណង​ចង់​មក​ចូលរួម​ពិធី​អង្គរ​សង្ក្រាន្ត​ នៅ​ខេត្ត​ទេសចរណ៍ ​សៀមរាប​អង្គរ ​រូបគាត់ ​បាន​ទាក់ទង​កក់ បន្ទប់​ផ្ទះ​សំណាក់​ទុក​ជាមុន​។ 
ភ្ញៀវ​ដដែល​ បន្តថា​ ការទាក់ទង​កក់​ទុក​នោះ​ក៏​ត្រូវ​ម្ចាស់ផ្ទះ​ប្រាប់​ថា​មុន​ថ្ងៃទី​១៣​ ខែមេសា​ បន្ទប់​ម៉ាស៊ីន​ត្រជាក់​គ្រែ​២​មួយ ​បន្ទប់​តម្លៃ​១៥​ដុល្លារ​(​តម្លៃ​ធម្មតា​)​ចំពោះ​គ្រែ​១​ម៉ាស៊ីនត្រជាក់​១០​ដុល្លារ​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១៣​ ខែមេសា​តទៅ​គឺ​ឡើងថ្លៃ​ដោយ​ម៉ាស៊ីនត្រជាក់​គ្រែ​២​តម្លៃ​៣៥​ដុល្លារ​ ឯ​គ្រែ​១​តម្លៃ​២៥​ដុល្លារ​។
ប្រភព​ដដែល​ បន្ដែម​ថា ​ការ​ឡើង​ថ្លៃ​បន្ទប់​ផ្ទះសំណាក់​នៅ​សៀមរាប​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ខកខាន​ដំណើរ​កំសាន្ត​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​របស់​ក្រុមការងារ​ពួកគាត់​ ដោយ​សារ​​តែ​គ្មាន​លទ្ធភាព​ស្នាក់នៅ​។ចំណែក​ក្រុមគ្រួសារ​គាត់​វិញ​ក៏​ដូចគ្នា​ដែរ ​ដំបូង​គ្រោង​ចូលរួម​ពិធី​អង្គរ​សង្ក្រាន្ត ​តែ​ដោយ​ម្ចាស់ផ្ទះ​សំណាក់​បញ្ជាក់​ពី​ការ​ឡើងថ្លៃ​គ្រួសារ​គាត់​មើល​ពិធី​អង្គរ​សង្ក្រាន្ត​បាន​ត្រឹម​មុន​ថ្ងៃ​សម្ដែង​(​ត្រឹម​ថ្ងៃទី​១២​មេសា​)​។
ដោយឡែក​ប្រភព​មួយទៀត​ បញ្ជាក់ថា​ តាមពិត​មន្ទីរ​ជំនាញ​និង​អាជ្ញាធរខេត្ត​មួយ​នេះ​មិន​គួរ​មើល​រំលង​បណ្តោយ​ឲ្យ​ថៅកែ​ផ្ទះសំណាក់​ជ្រើស​យក​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិ​មក​ធ្វើ​អាជីវ​កម្ម​លើ​ពលរដ្ឋ​ខ្មែរ​ហួស​កម្រិត​បែបនេះ​សោះ​។
ជាមួយគ្នានេះដែរ​ នៅ​វេទ​ការ​តុ​កាហ្វេ​ តូច​មួយ​នៅ​ខេត្តសៀមរាប​ ក៏បាន​លើក​ឡើងថា ​ក្រុម​គ្រួសារ​របស់​គាត់​ក៏បាន​ទាក់ទង​កក់​បន្ទប់​សណ្ឋាគារ​មួយ​​នៅ​សៀមរាប​ផង​ដែរ​ ប៉ុន្តែ​វា​ប្រហែល​គ្នា​គឺ​ចាប់ពី​ថ្ងៃទី​១៣​ ខែមេសា ​មួយ​បន្ទប់​៣០​ដុល្លារ​ ឡើងដល់​៦០​ដុល្លារ​។​ រឿង​ដេក​មិន​ដេក ​កក់​ឬ​មិន​កក់ មិន​ខ្វល់​ទេ​ខ្លាច​តែ​រក​បន្ទប់​ឲ្យ​ភ្ញៀវ​មិនបាន​ផង​។ ​ ប្រភព​ដដែល ​បន្ថែម​បែប​ឆ្ងល់​ថា ​ឬមួយ​ក៏​មាន​ការ​ឯកភាព​ពី​អាជ្ញាធរខេត្ត​មួយ​នេះ​ទើប​អាចធ្វើ​បាន​។ ​

ប្រភព​បន្ថែមថា​ តាមពិត​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​គួរ​ចេញ​សេចក្តីជូន​ដំណឹង​ជាមុន​ អំពី​ការ​យក​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​មក​ធ្វើ​អាជីវកម្ម​បែប​គាបសង្កត់​។ ប្រភព​ បន្ថែមទៀតថា​ ពុំ​មែន​តែ​ឆ្នាំនេះ​ទេ ​នៅ​ខេត្ត​សៀមរាប ​គឺ​រាល់​ឆ្នាំ​តែម្តង​។​ក្នុង​មួយ​​ឆ្នាំៗ ​គេ​នាំគ្នា​កើប​លុយ​ម្តង​​គឺ​អញ្ចឹង​​ហើយ ​នេះ​មិន​ហៅថា​ពុករលួយ​ទេ​។
ពុំមាន​របាយ​ការ​ជាក់លាក់​ថា ​ខេត្តសៀមរាប​មាន​សណ្ឋាគារ​ចំនួន​ប៉ុន្មាន​ផ្ទះសំណាក់​ចំនួន​ប៉ុន្មាន និង​បន្ទប់​ចំនួន​ប៉ុន្មាន ​ហើយ​តម្លៃ​ចាប់ពី​កម្រិត​ណា​ដល់​កម្រិត​ណា​នោះទេ​។​ចំពោះ​ការ​ឡើង​ថ្លៃ​ទ្វេគុណ​នៃ​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ក៏​មិនដឹង​ពី​មូលហេតុ​ដែរ​។ ​  

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​លោក ងូវ សេង​កាក់ មិន​ទទួល​ទូរស័ព្ទ​ ដោយ​ហៅ​ចូល​ច្រើន​ដង​​។​ ទាក់ទិន​នឹង​ករណី​នេះដែរ​លោក​ សូ​ ប្លា​តុង​ អភិបាលក្រុង​សៀមរាប​​ក៏​មិន​លើក​ទូរ​សព្ទ័​ដើម្បី​បញ្ជាក់​ពី​ការ​ឡើងថ្លៃ​បន្ទប់​ស្នាក់​នៅ​នេះដែរ​។

ការ​លើកឡើង​ខាង​លើនេះ ​គេ​មានការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ខាង​ក្រសួង​ពាក់ព័ន្ធ​នៅ​ភ្នំពេញ​ប្រាកដ​ជា​អាច​ដោះស្រាយ​បញ្ហា​ដ៏​រាំ រ៉ៃ​នេះ​​ឲ្យ​ជ្រះ​ស្រលះ​ម្តង​ដើម្បី​កុំ​ឲ្យ​មហាជន​រិះគន់​តទៅទៀត​៕

   
 

មតិយោបល់