ព័ត៌មានជាតិ

ឆេះតូបលក់ដូរមួយកន្លែង ផ្អើលទាំងយប់តែម្តង!

ភ្នំពេញៈ អគ្គិភ័យមួយ បានឆាបឆេះតូបលក់ដូរមួយកន្លែង បង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយសាលាព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាលរដ្ឋ ដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនេះ បានឃើញមានអណ្តាតភ្លើង កំពុងឆាបឆេះតូបលក់ដូរ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍នេះរួចមក គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដូនពេញចំនួន១គ្រឿង បានចុះមកធ្វើការបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះឲ្យរលត់ទៅវិញតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆេះតូបខាងលើនេះ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថា គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង។ ចំណែកទំហំនៃការខូចខាតនោះ សម្ភារៈនៅខាងក្នុងមានដូចជា តុ កៅអី និងចានឆ្នាំដែលម្ចាស់ចាក់សោទុកចោល សម្រាប់លក់ពេលព្រឹកតែប៉ុណ្ណោះ ៕

មតិយោបល់