ភ្នំពេញ: ជនសង្ស័យប្រុសស្រី ៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែង ស្ទូចប្រេងកូឡា ខុសច្បាប់មួយកន្លែង ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុម១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួន ទី១មានឈ្មោះ សួន សើន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងកាត់សក់ (អ្នកមើលការខុសត្រូវ) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ, ទី២មានឈ្មោះ ខែម គឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (អ្នកលេង) ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ, ទី៣មានឈ្មោះ ឆេង ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី៤មានឈ្មោះ វន់ ស្រស់ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការចុះបង្ក្រាបជាក់ស្តែងនៅទីតាំងលេងល្បែង ស្ទូចប្រេងកូឡា មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ ព្រមទាំងបានដកហូតបាន កំរាល ១ផ្ទាំង, គំរបប្រេងកូឡាចំនួន ២០, កញ្រ្ចែងជ័រចំនួន ២, កៅអីជ័រសម្រាប់អង្គុយលេងចំនួន ២, កាបូបស្ពាយដាក់ប្រាក់ចំនួន ១, ប្រាក់រៀលចំនួន ២២០,០០០រៀល និងប្រាក់ដុល្លាចំនួន ៥០ ដុល្លារ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង០៤នាក់ យកទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់