ព័ត៌មានជាតិ

បានឃើញទេ?! ក្មេងស្រីជំទង់ម្នាក់ បាត់ខ្លួន២ថ្ងៃជាមួយគ្រឿងអលង្ការជាង២តម្លឹង

ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ បានកាន់រូបថតកូនស្រីវ័យជំទង់របស់គាត់ម្នាក់ មកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៩ និង៤៥ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំអន្តរាគមន៍ស្វែងរកកូនស្រីគាត់ម្នាក់នោះ ដែលបានលួចចាកចេញពីផ្ទះបាត់ រយៈពេល២ថ្ងៃមកហើយ ដោយបាននាំយកទាំងគ្រឿងអលង្ការមាស ទៅជាមួយជាង២តម្លឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ ព្រោះទូរសព្ទ ក៏មិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថានាងចាញ់ល្បិចអូសទាញ របស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ទើបគាត់ជាម្ដាយបានប្ដឹងសុំឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរកកូនស្រីគាត់ផង។

ស្រ្តីជាម្តាយខាងលើនោះមានឈ្មោះ ហៀង អូន អាយុ៥២ឆ្នាំ បានបាត់កូនស្រីឈ្មោះ វណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស សព្វថ្ងៃរស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

ស្រ្តីជាម្ដាយបានឲ្យដឹងថា កូនស្រីគាត់បានលួចចាកចេញពីផ្ទះ នៅវេលាម៉ោងប្រហែល២និង៣០នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយនាងបាននាំយកទៅជាមួយគ្រឿងអលង្ការមាសចំនួន២តម្លឹង និង១ជីផងដែរ ដោយគាត់មិនបានដឹងថានាងទៅទីណានោះឡើយ ព្រោះក្រោយពេលដែលបាត់ខ្លួនកូនស្រី គាត់បានព្យាយាមទូរសព្ទរកនាងដែរ ប៉ុន្តែទូរសព្ទនាងតេមិនចូលសោះ មិនដឹងថានាងបិទទូរសព្ទឬក៏មាន បញ្ហាអ្វីកើតឡើងចំពោះនាងនោះឡើយ។ ហេតុនេះទើបធ្វើឲ្យគាត់មានការព្រួយបារម្ភ ខ្លាចនាងមានគ្រោះថ្នាក់ ម្យ៉ាងក៏សង្ស័យថា នាងមានអ្នកអូសទាញផងដែរ ទើបហ៊ានលួចចាកចេញពីផ្ទះដោយស្ងាត់ៗបែបនេះ។

ស្រ្តីខាងលើបានបន្តថា ដោយសារតែមិនដឹងថាត្រូវទៅរកកូននៅទីណា គាត់ក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ នគរបាលដើម្បីសុំឲ្យជួយអន្តរាគមន៍ស្វែងរក ដោយគាត់បាននាំយកនៅរូបថត កូនស្រីគាត់ទៅបង្ហាញដល់ នគរបាលមើលពីភិនភាគ ដើម្បីងាយស្រួលរក មិនតែប៉ុណ្ណោះគាត់ប្ដឹងសុំឲ្យនគរបាលជួយចាត់ការ ទៅលើ ជនសង្ស័យដែលគាត់មានការសង្ស័យថា ជាអ្នកប្រើល្បិចអូសទាញកូនស្រីគាត់ទៅជាមួយផងដែរ៕

https://youtu.be/MBh3-psG_l4

មតិយោបល់