ភ្នំពេញៈ ផ្ទះថ្មមួយខ្នងដែលម្ចាស់នៅ បានទុកចោលអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីជនសង្ស័យម្នាក់ បានចូលទៅសំងំជក់ថ្នាំញៀននៅខាងក្នុង រហូតវង្វេងស្មារតី ក៏ធ្វើកម្មភាពដុតតែម្តង។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់ និងគល់ស្ពានអាកាស៥មករា ផ្ទះលេខ១១០ ផ្លូវសហព័ន្ធរុស្ស៊ីភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ មានផ្សែង និងធុំក្លិនឈ្ងៀមចេញមកពីជាន់ទី១ ក្នុងផ្ទះកើតហេតុ។ មួយស្ទុះក្រោយមកក៏ស្រាប់តែចេញជាអណ្ដាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍។
ភ្លាមៗនោះក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានរត់ចេញមកពីក្នុងផ្ទះកើតហេតុ ក្នុងស្ថានភាពវង្វេងស្មារតី ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ នាំគ្នាចាប់ឃាត់ខ្លួន រួចបានស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យខាងលើរងរបួសបែកក្បាល។
ប្រភពដដែលបន្តថា បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុចំនួន១៤គ្រឿង រួចក៏បានធ្វើការបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង ទើបរលត់ជាស្ថាពរ។
មូលហេតុ៖ សង្ស័យថា ជនសង្ស័យខាងលើ ដែលមិនស្គាល់ឈ្មោះ អាយុប្រហែល២៥ឆ្នាំ ជាអ្នកដុត។
ក្រោយពេលកើតជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការចាត់ការ តាមនីតិវិធីច្បាប់៕
មតិយោបល់