កណ្តាលៈ បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ត្រូវបានយុវជនម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះម៉ូតូទៅបំពេញភារៈកិច្ចរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ៥១។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល ស្លាប់បាត់បង់ជីវិតមានឈ្មោះ សល់ សុខនាង ភេទប្រុស អាយុ៣៥ឆ្នាំ ឋានន្តរស័ក្តិថ្នាក់ ព្រិន្ទបាលទោ ស្នាក់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-9804 ។
ចំណែកឯយុវជនដែលជិះម៉ូតូបុកមន្ត្រីនគរបាលនោះមានឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ ស្នាក់នៅភូមិ ត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពងស្ពឺ ជិះម៉ូតូម៉ាកហុងZoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FX-1348។
លោកវរសេនីយ៍ឯក មាន សំណាង បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីនគរបាលចរាចរណ៍រូបនេះ និងលោកនាយផ្នែកចរាចរណ៍ បានជិះម៉ូតូម្នាក់មួយទៅចំណុចកើតហេតុ ដើម្បីធ្វើការវាស់វែងចំណុចកើតហេតុកាលពីយប់មិញ ។ បន្ទាប់ពីធ្វើការវាស់វែងរួច ជនរងគ្រោះបានឡើងជិះម៉ូតូបម្រុងឆ្លងផ្លូវជាតិលេខ៤ ក្នុងគោលបំណងឆ្ពោះទៅរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅលើផ្លូវជាតិលេខ៥១ គ្រាដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូរងចាំឆ្លងផ្លូវ ក៏ស្រាប់តែយុវជនខាងលើនេះ ជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាង តែជាអកុសលជនរងគ្រោះជាមន្ត្រីនគរបាលបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែង និងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ចំណែកឯយុវជនដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។
ដោយឡែកសាកសពជនរងគ្រោះជាមន្ត្រីនគរបាលត្រូវបានលោក មាន សំណាង និងមិត្តរួមការងារ ព្រមទាំងក្រុមគ្រួសារនាំយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋានជនរងគ្រោះ ស្ថិតក្នុងភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ។ ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បាននាំយកថវិកាចំនួន១លានរៀលរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ ៕
មតិយោបល់