ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការហួសចិត្តទៅនឹងមនុស្ស៣នាក់ ដែលជំនាញខាងបោកប្រាស់ ប៉ុន្តែមិនជំនាញរហូត បន្ទាប់ពីប្រើឈ្មោះកូននាយករដ្ឋទៅបោកប្រជាពលរដ្ឋ និងបោកមន្រ្តីតុលាការក្រុងភ្នំពេញ ។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ លោកប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំជនសង្ស័យបីនាក់ពាក់ព័ន្ធករណីក្លែងបន្លំជាមន្ត្រីនៅក្នុងក្រសួងបរិស្ថាន ហើយបានយកឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា ក្នុងការរកស៊ីទិញលក់ដី ឲ្យអ្នកវិនិយោគដែលមានតម្លៃជាង២លានដុល្លារ។
ជនសង្ស័យទាំងបីនាក់ខាងលើ ទី១.ឈ្មោះ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២ ឈ្មោះ ហង្ស សុខា ភេទប្រុស អាយុ៤៧ឆ្នាំ, ទី៣ ឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ៥៨ឆ្នាំ។
អ្នកទាំងបី ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចចោទប្រកាន់ពីបទ ឆបោក បទបញ្ញត្តិដែលមានចែងក្នុងមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សួន មាន បានយក ឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង កូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញដីឲ្យអ្នកវិនិយោគ បរទេសក្នុងតម្លៃជាង២លានដុល្លារ នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីឲ្យដើមបណ្ដឹងនោះទេ គឺលក់ដីខ្យល់។ ចំណែកឯជនសង្ស័យឈ្មោះ ហង្ស សុខា បានយក ឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដី និងឈ្មោះ ស៊ុន សុខហេង ដែលជាមេភូមិ ដើរតួជាអ្នករៀបចំដីឲ្យអ្នកវិនិយោគ។
ពាក់ព័ន្ធនិងសំណុំរឿងនេះដែរ ខណៈ បញ្ចូនជនសង្ស័យទាំងបីខាងលើទៅតុលាការ មានរឿងគួរឲ្យកត់សម្គាល់មួយ គឺ មានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ម្នាក់បានទៅសូមកាតភ្ញៀវពីប៉ូលិសប្រចាំការនៅតុលាការក្រុងហើយប្រាប់ថា ជនសង្ស័យទាំងបីនាក់នោះជាភ្ញៀវ ទើបប៉ូលិសប្រចាំតុលាការ ឲ្យកាតភ្ញៀវចំនួនបី ហើយឲ្យពួកគេពាក់ក្នុងគោលបំណង ចង់បន្លំភ្នែកអ្នកសារព័ត៌មាន ប៉ុន្តែបន្តិចក្រោយមកត្រូវបានប៉ូលិសប្រចាំការនៅតុលាការដកហូតយកកាតភ្ញៀវវិញ បន្ទាប់ពីបានដឹងថា បុរសបីនាក់នោះ គឺជាជនសង្ស័យ៕
មតិយោបល់