កំពង់ស្ពឺៈ ភ្លាមៗក្រោយពីបានទទួលពាក្យបណ្តឹងរបស់ លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ ដែលប្តឹងលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តមួយនេះ ថាបានដកកាំភ្លើងភ្ជង់ក្បាល និងគ្រវែងឈើច្រត់ចោលនោះ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចជាបន្ទាន់មួយចំពោះករណីនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា « រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចបន្ទាន់មួយ ពាក់ព័ន្ធនឹងករណីនេះហើយ ដើម្បីរកខុសត្រូវ និងរកយុត្តិធម៌ជូនជនរងគ្រោះ»។ លោកបន្តថា «ប្រសិនបើ ការធ្វើអធិការកិច្ច បានរកឃើញពីកំហុសរបស់លោក ម៉ែន វណ្ណៈ ដូចការចោទប្រកាន់ពីលោក ឈៀវ គឹមហាក់ ក្រសួងនឹងបញ្ជូនរបាយការណ៍នោះទៅក្រុមប្រឹក្សាវិន័យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកពិនិត្យ និងសម្រេច»។
ចំពោះសំនួរថា មូលហេតុអ្វីបានជានៅលើពាក្យបណ្តឹងរបស់លោក ឈៀវ គឹមហាក់ ប្តឹងលោក ម៉ែន វណ្ណៈ ទៅកាន់ក្រសួងយុត្តិធម៌នោះគឺមាន ចំណាររបស់លោក កែវ ធា ព្រះអាជ្ញាអមតុលាការខេត្ត ប៉ុន្តែមិនមានឃើញមានចំណាររបស់លោក ហង្ស ស៊ីថាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ? លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា ក្រសួងនៅមិនទាន់ដឹងអំពីមូលហេតុនេះដូចគ្នា គួររង់ចាំលទ្ធផលនៃអធិការកិច្ច។
ពាក់ព័ន្ធនឹងករណីនេះលោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់តាមទូរសព្ទថា «រឿងរ៉ាវនេះគឺផ្តើមចេញពីការផឹកស៊ី សប្បាយក្នុងនាមលោកជាមេ និងលោក ឈៀវ គឹមហាក់ ជាកូនចៅទើបលោកបានលេងសើច តែការលេងសើចនោះមិនដល់ថ្នាក់គំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងភ្ជង់ ដូចការលើកឡើងរបស់លោក ឈៀវ គឹមហាក់នោះទេ»។ លោកបញ្ជាក់ថា «បច្ចុប្បន្នលោកកំពុងតែរៀបចំរបាយការណ៍បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ហើយរបាយការណ៍នោះនឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ»។
ដោយឡែកលោក ហង្ស ស៊ីថា ប្រធានតុលាការខេត្តកំពង់ស្ពឺ យើងមិនទាន់សុំការបំភ្លឺបានទេដោយលោកថា លោកកំពុងជាប់រវល់ សុំឲ្យហៅទូរសព្ទមកពេលក្រោយ។
លោក កែវ ធា ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ស្ពឺ បានថ្លែងតាមទូរសព្ទថា «លោកមិនបានដឹងថា លោក ឈៀវ គឹមហាក់ និងលោក ម៉ែន វណ្ណៈ ឈ្លោះគ្នានៅទីណានោះទេ ប៉ុន្តែលោកឈៀវ គឹមហាក់បានមកប្តឹងលោក ទើបលោកបានប្រាប់ថា ឲ្យដាក់ទៅក្រសួងយុត្តិធម៌ទៅ ស្រាប់តែពេលលោក ឈៀវ គឹមហាក់ ធ្វើលិខិតនោះមកគឺដាក់តាមរយៈព្រះរាជអាជ្ញា ដូច្នេះបើកូនចៅគ្នាដាក់មកយើងហើយ យើងក៏បញ្ជូនទៅក្រសួងយុត្តិធម៌ដើម្បីពិនិត្យ និងសម្រេចចុះ»។
សូមបញ្ជាក់ថា លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។
ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច៕







មតិយោបល់