ភ្នំពេញៈ បុរសម្នាក់ដែលគេអះអាងថា ជាថៅកែផែស្ងួត អូលែរ និងមានមុខងារជាឧកញ៉ា បានដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ ទុកជាការគំរាមដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយសារខឹងផ្លូវស្ទះចរាចរណ៍ខ្លាំងពេក ហើយឲ្យសន្តិសុខឌុបតាមម៉ូតូត្រឡប់ទៅផ្ទះបាត់។
ហេតុការណ៍បាញ់បោះសេរីនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតរបងសាលាវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បុរសជាឧកញ៉ាដែលមានកាំភ្លើងបាញ់បោះសេរីនោះមានឈ្មោះ អ៊ា ចន្ថា អាយុ៣១ឆ្នាំ ជាម្ចាស់ផែស្ងួត អូលែរ រស់នៅក្នុងបុរី លឹមឈាងហាក់ ចោមចៅ ដោយឡែកបុរសសន្តិសុខជាអ្នកឌុបឧកញ៉ាខាងលើមានឈ្មោះ ព្រីម គីម អាយុ៣៥ឆ្នាំ មានមុខរបរសន្តិសុខផែស្ងួត អូលែរ ស្នាក់នៅក្នុងផែភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលឧកញ៉ាបាញ់បោះនោះ គឺផ្លូវជាតិលេខ៤ កំពុងតែកក់ស្ទះចរាចរណ៍រាប់ម៉ោង ហើយសមត្ថកិច្ចកំពុងតែសម្រួលចរាចរ ធ្វើឲ្យលោកឧកញ៉ាដែលកំពុងជិះឡានមកផ្ទះមិនបាន លុះមកដល់ម៉ោងកើតហេតុខាងលើ ឧកញ៉ាបានជិះម៉ូតូឲ្យសន្តិសុខជាឌុបម៉ូតូមកផ្ទះ ខណៈមកដល់ចំណុចមុខផ្ទះប្រជាពលរដ្ឋខាងកើតរបងសាលាវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ដោយមានរថយន្តចតនៅតាមអមដងផ្លូវផងនោះ ធ្វើឲ្យគាត់ពិបាកធ្វើដំណើរ លោកឧកញ៉ាបានស្រែយ៉ាងខ្លាំងថា ដោយសារតែពួកអាម្ចាស់រថយន្តម៉ែវាហ្នឹងចតចឹងបានផ្លូវវាស្ទះម្លឹងៗ និយាយចប់ លោកឧកញ៉ារូបនោះបានដកកាំភ្លើងមកបាញ់ឡើងលើ១គ្រាប់ រួចបានជិះម៉ូតូចេញទៅផ្ទះបាត់។
ក្រោយពេលកើតហេតុ សន្តិសុខដែលឌុបឧកញ៉ាបានត្រឡប់មកវិញ ហើយប្រជាពលរដ្ឋចំណាំបាន ក៏រាយការណ៍ទៅសមត្ថកិច្ច ដែលកំពុងសម្រួលចរាចរ ឲ្យឃាត់ខ្លួនតែម្តង។ បន្ទាប់ពីឃាត់ខ្លួនរួច ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ និងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលពោធិ៍សែនជ័យ ដើម្បីកោះហៅឧកញ៉ាបាញ់បោះសេរីមកដោះស្រាយតាមនីតិវិធី៕
មតិយោបល់