ព័ត៌មានជាតិ

ទីតាំងល្បែងភ្នាល់បាល់ដ៏ល្បីមួយ ជ្រកក្រោមយ៉ីហោហាងកាហ្វេ ត្រូវសមត្ថកិច្ចបង្រ្កាបបានហើយ

ភ្នំពេញ: លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពដូនពេញ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបហាងកាហ្វេមួយកន្លែង បង្កប់ល្បែងភ្នាល់បាល់តាមអ៊ីធើណេត ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ លុយជាង១ពាន់ដុល្លារ ព្រមទាំងកុំព្យូទ័រចំនួន១៩គ្រឿង ។

ប្រតិបត្តិការណ៍ចុញបង្ក្រាបនេះនៅចំណុចហាងកាហ្វេ CK CAFE ផ្លូវ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។

លោក សុខ ពេញវុធ បានប្រាប់អោយដឹងថា មុនឈានចូលបង្ក្រាបទីតាំងល្បែងភ្នាល់បាល់ខាងលើ ខាងកម្លាំងជំនាញ បានតាមដានស្រាវជ្រាវជាយូរមកហើយ និងបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ផ្តល់ដំណឹងពីទីតាំងខាងលើ ធ្វើសកម្មភាពដើរចែកក្រដាសជាតារាងភ្នាល់បាល់យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ និងភ្គើនទៅហ្នឹងសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានអោយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។

លោកបន្តទៀតថា នៅក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ កម្លាំងយើងធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់។ បុរសចំនួន២នាក់ជាមេការ និងជាអ្នកកត់បាល់ ត្រូវឃាត់ខ្លួនយកទៅធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯបុរសម្នាក់ទៀត និងនារីជាអ្នកចូលឆែកអ៊ីធើណេត និងអ្នកយកបាយទឹកមកអោយ ត្រូវបានអប់រំ ធ្វើកិច្ចសន្យានិងដោះលែងអោយមានសេរីភាព។ ហើយកម្លាំងយើងបានដកហូតលុយជាង ១៥០០ដុល្លារ កុំព្យូទ័រចំនួន១៩គ្រឿង បុងភ្នាល់បាល់និង បិទទីតាំងខាងលើបណ្តោះអាសន្ន។

បច្ចុប្បន្នមនុស្ស២នាក់ជាមេការ និងអ្នកកត់រួមទាំងវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់