ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជា ពលរដ្ឋ ដែលជិះមកផ្លាស់គោ នៅចំណុចស្តុកត្នោត ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារ រួមគ្នាស្ទាក់ចាប់បាន បញ្ជូនឲ្យអោយចាត់ការតាមនីតិវិធីច្បាប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤ និង ១០ នាទី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
តាមការរៀបរាប់របស់បងស្រីឈ្មោះ ប៊ុន រៀម ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ម៉ូតូរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ បានឲ្យដឹងថា មុនពេលកើតហេតុបងស្រីបានជិះរបស់ខ្លួនម៉ាក វ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ គ្មានពន្ធ ទៅចំណុចស្តុកត្នោត ដើម្បីផ្លាស់គោ ដោយទុកម៉ូតូក្បែរដើមឈើ ចម្ងាយពីផ្លូវជាតិលេខ៥៥ ប្រហែល១០ ម៉ែត្រ ហើយពុំបានដកសោចេញពីម៉ូតូ យកទៅជាមួយឡើយ ។
លុះពេលបងស្រីផ្លាស់ចំណងគោបានចំនួន០២ក្បាល ក៏ងាកមករកម៉ូតូ ស្រាប់តែឃើញបុរសម្នាក់ ពាក់អាវក្រឡាការ៉ូពណ៌សស្លៀកខោ ជើងវែងពណ៌ខ្មៅ ស្ពាយកាបូបពណ៌ខ្មៅ ដៃកាន់មួកសុវត្ថិភាព ពណ៌ស ឆ្នូតក្រហម លួចម៉ូតូជិះចេញឆ្ពោះមកទិសខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៥៥ ឃើញដូច្នេះ ខ្លួនក៏ស្រែកឱ្យអ្នកស្រុក អ្នកភូមិជួយដេញតាម ក្រោយធ្វើសកម្មភាពជិះគេច បានចម្ងាយប្រហែល១គីឡូម៉ែត្រ ជនសង្ស័យខាងលើបានជិះម៉ូតូចូលទៅលាក់ទុកក្នុងចំការដំឡូង រួចដើរឡើងមករកផ្លូវជាតិវិញ ។
បន្ទាប់មកជនសង្ស័យដើរទៅទិសខាងកើត ចូលទៅសុំទឹកផឹកនៅផ្ទះឈ្មោះ វ៉ន វីន ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយឃើញម្ចាស់ផ្ទះជាកូនក្មេង ហើយកំពុងតែអានសៀវភៅរៀន ពេលផឹកទឹករួច ជនសង្ស័យនេះបានដោះអាវក្រៅ ក្រឡាការ៉ូពណ៌សចេញ ដាក់ក្នុងកាបូបពណ៌ខ្មៅ នៅអាវមួយជាន់ទៀតពាក់ខាងក្នុងគឺអាវដៃវែង ពណ៌ស្វាយឆ្នូតស ហើយក៏ដើរចេញពីផ្ទះឈ្មោះ វ៉ន វីន ដោយមានការសហការគ្នា រវាងជនរងគ្រោះបងប្អូន អ្នកស្រុកអ្នកភូមិ និងកម្លាំងប្រជាការពារ ដេញតាមមិនឈប់ ជនសង្ស័យក៏ត្រូវពួកគាត់ចាប់បាន ក្រោយដើរចេញពីផ្ទះឈ្មោះ វ៉ន វីនបានប្រហែល ១០០ម៉ែត្រ រួមប្រគល់ជនសង្ស័យ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ។
លោកវរសេនីយ៍ត្រី គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូច ដារ៉េន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរក្រសារ ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើ ខេត្តកែប ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជា ការពារ ចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ដោយប្តឹងពីបទលួច ។
លោកអធិការរង បានបន្តថាដោយទទួលបានបញ្ជាពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ូច ដារ៉េន ត្រូវបានសមត្ថកិច្ចនគរបាល កសាងសុណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់