ព័ត៌មានជាតិ

ពិតជាសាហាវមែន! រថយន្តបុកម៉ូតូ១គ្រឿង ផ្លោងអូសជាង ៦០ ម៉ែត្រ ស្លាប់ម្នាក់

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទី កណ្តាលអាធ្រាត្រ ថ្ងៃទី១១ ខែមិនា មានករណីរថយន្តព្រូសបុកគ្នាជាមួយម៉ូតូមួយគ្រឿង ផ្លោងអូសជាង 60ម៉ែត្រ រួចក៏ទៅបុកដើមក្ងោកមួយដើម និងបន្តបុករះក្រុមហ៊ុនលក់រថយន្តពន្លឺព្រះអាទិត្យ បណ្ដាកឲ្យស្លាប់មនុស្សម្នាក់ នៅ ទល់មុខហាងលក់ម៉ូតូនឹងរថយន្ត ពន្លឺព្រះអាទិត្យ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកអ្នកបើករថយន្ត ត្រូវប្រជាពលរដ្ឋឡោមព័ន្ឋវាយស្ទើរក្ស័យ មុននឹងត្រូវប៉ូលិសចាប់វាយខ្នោះ បញ្ចូនចេញពីកន្លែងកើតហេតុយកទៅប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ។

សពជនរងគ្រោះ ឈ្មោះ ព្រហ្ម ដាវិន អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកអ្នកបើករថយន្ត ឈ្មោះព្រំ រ៉ាវីន អាយុ២៤ឆ្នាំ ស្នាក់សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ច បាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូសពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ 2AG-1439 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត ខណៈដែលមកដល់ចំណុចកើតហេតុជាផ្លូវកោងខ្លាំង ក៏បានបួងចង្កូតមិនទាន់ ជ្រុលទៅបុកម៉ូតូឡែត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ1FB-1587 បើកដោយយុវជនម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឲ្យទាំងមនុស្សទាំងម៉ូតូផ្លោងអូសជាង ៦០ម៉ែត្រ ដោយស្លាប់ម្នាក់ពេលបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃក្បែរនោះផងដែរ ស្របពេលដែលរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ទៅបុកដើមក្ងោកមួយដើម និងបន្តបុករះក្រុមហ៊ុនលក់រថយន្ត ពន្លឺព្រះអាទិត្យ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯលស្រុកកំណើត ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចចរាចរចណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារចណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវីធីច្បាប់ផងដែរ៕

មតិយោបល់