ព័ត៌មានជាតិ

រុស្ស៊ី សុំឲ្យរាជរដ្ឋាភិបាលកម្ពុជា លើកលែង ទិដ្ឋាការដល់ភ្ញៀវទេសចរណ៍

​ភ្នំពេញ​ ៖ ឆ្លើយតប​ទៅ​និង​កំណើន​ភ្ញៀវ​ទេសចរណ៍​របស់​ប្រទេស​រុស្ស៊ី (RUSSY ) ​មានការ​កើនឡើង​នៅ​លើ​ពិភពលោក ក៏ដូចជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ រដ្ឋាភិបាល​រុស្ស៊ី ព្រមទាំង​វិស័យ​ឯក​​ជន​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លើកលែង​ទិដ្ឋាការ (VISA) ​ដល់​ភ្ញៀវ​ទេសចរណ៍​រុស្ស៊ី ​ដើម្បី​ឲ្យ​ពួកគេ​បាន​មក​ទស្សនា​កំសាន្ត​នៅ​កម្ពុជា ​ដូចជា​នៅ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​។
ការ​ស្នើសុំ​ទិដ្ឋាការ​នេះ​ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ រវាង​វិស័យ​ឯកជន​ដែល​ធ្វើការ​លើ​វិស័យ​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នា​ថ្ងៃទី​០៤​ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ​។ 
កិច្ចប្រជុំ​នេះ​ បាន​ពិភាក្សា​ដោយ​ផ្តោត​លើ​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​រុស្ស៊ី​មកកាន់​តំបន់​អាស៊ី ​ពិសេស​កម្ពុជា​ដែល​សម្បូរ​ទៅ​ដោយ​សក្ដានុពល​ទេសចរណ៍ ​និង​ជាទី​ផ្សារ​ដ៏​ល្អ​សម្រាប់​រុស្ស៊ី​នា​ពេល​អនាគត​។
ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក ថោង ខុន បាន​មានប្រសាសន៍ថា “ ដើមឡើយ​ទីផ្សារ​ដ៏​ធំ​ របស់​រុស្ស៊ី​គឺ​នៅ​ប៉ែក ​អឺរ៉ុប​ប៉ុណ្ណោះទេ​ មាន​ប្រទេស អេ​ហ្សី​ប ​និង ទួរគី ជាដើម​ប៉ុន្តែ​ដោយ​សារ​បញ្ហា​នយោបាយ​មិនត្រូវ​គ្នា រដ្ឋាភិបាល​រុស្ស៊ី​បាន​ហាមឃាត់​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ទៅ​កំសាន្ត​នៅ​ប្រទេស​ទាំងនោះ ​ហើយ​បែរ​ងាក​មក​ចាប់​យក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ធ្វើ​ ជា​គោលដៅ​ទេស​ចរណ៍ ហើយ​កម្ពុជា​ក៏បាន​ប្រឹង​ប្រែ​ដើម្បី​ត្រង់​យក​លំហូរ​ភ្ញៀវ​ទេសចរណ៍ រុស្ស៊ី ​មកកាន់​ប្រទេស​ខ្លួន​ផងដែរ​”​។
លោក រដ្ឋមន្ត្រី​ បានបញ្ជាក់​ថា រុស្ស៊ី​ភាគច្រើន​គេ​ដើរ​លែង​នៅ​រដូវ​ត្រជាក់​នៅ​ប្រទេស​គេ ​ហើយ​ជនជាតិ​រុស្សី ១០០​នាក់​មាន​លិខិតឆ្លងដែន​(​បា​ស្ព័​រ​)​ប្រមាណ​ជា​១៦​នាក់ ​មានន័យថា ពលរដ្ឋ​រុស្ស៊ី​ជិត ១៥៦​លាន​នាក់​មាន​ប៉ាស្ព័រ​កាន់តែ​ជាង​១៦​ភាគរយ​តែប៉ុណ្ណោះ​។ ដូច្នេះ​បានជា​រដ្ឋាភិបាល​រុស្ស៊ី និង​វិស័យ​ឯកជន​ដែល​រកស៊ី​លើ​វិស័យ​ទេសចរណ៍ ​មើលឃើញ​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍​របស់​ប្រទេស​មួយ​នេះ ទើប​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​លើកលែង​ទិដ្ឋាការ និង ​សម្រួល​ទៅលើ​លិខិតឆ្លងដែន ដើម្បី​ទាញ​យក​ភ្ញៀវ​ទេសចរណ៍​ប្រទេស​នេះ​មកកាន់​កម្ពុជា​ឲ្យ​បាន​ច្រើន ​ខណៈដែល​បច្ចុប្បន្ន​ភ្ញៀវ​ទេស​ចរណ៍​រុស្ស៊ី​មកកាន់​កម្ពុ​ជា​មាន​ប្រមាណ​ជា​ក្រោម​១០​ម៉ឺន​នាក់ ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ប្រទេស​ឈ​នៅ​លេខ​រៀង​ទី​១៥ ​បើ​ធៀប​ទៅ ​និង​បណ្តា​ប្រទេស​ដែល​បាន​មក​ទស្សនា​កំសាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

 

​លោក​រដ្ឋមន្ត្រី​ បញ្ជាក់ទៀតថា ​ដោយ​មើលឃើញ​ឱកាសល្អ​អាច​ត្រង់​យក​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​នេះ​បាន ​ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ផ្នែក​ឯកជន រៀបចំ​ទីផ្សារ​ត្រៀម​ទទួលយក ដូចគ្នា​និង​ទីផ្សារ​ទទួលយក​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​ចិន​ដែល​បាន​ធ្វើ​ក្នុងពេល​កន្លងមក​ដែរ ដែល​នៅ​ពេលនេះ​យើង​កំពុង​សិក្សា​ពី​ទីផ្សារ​រុស្ស៊ី​ជាមុនសិន​ថា ​តើ​គេ​ត្រូវការ​បែបណា ​ទាំង​ការ​ហូបចុក ស្នាក់នៅ ឬ​ចង់ទៅ​កំសាន្ត​នៅ​តំបន់​ណា ត្រូវ​រៀប​កញ្ចប់​ជាស្រេច ព្រោះ​រុស្ស៊ី​គេ​ត្រូវការ​កញ្ចប់​ទេសចរណ៍​ខុសពី​ភ្ញៀវ​អឺរ៉ុប​ដទៃទៀត ហើយ​គេ​ក៏​ចូលចិត្ត​សមុទ្រ​ជាង​តំបន់ ទេសចរណ៍​វប្បធម៌​និង​ធម្មជាតិ​ដែរ​។

​លោក ថោង ខុន អះអាងថា “​ដើម្បី​ទទួល​ទេសចរណ៍​រុស្ស៊ី​បាន កម្ពុជា​ត្រូវ​រៀបចំ​ជា​កញ្ចប់​ទេស​ចរណ៍​ជាមួយ​គេ រៀបចំ​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍ សន្តិសុខ​ សុវត្ថិភាព បង្រៀន​ភាសា រ​ដល់​ផ្នែក​បដិសណ្ឋារកិច្ច និង​បង្ហាញ​ពី​វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា​ឲ្យ​គេ​ដឹង បង្កើត​ជើងហោះហើរ​ត្រង់​ពី​រុស្ស៊ី​មកកាន់​កម្ពុជា ​ហើយ​នៅ​ខែកញ្ញា​ខាងមុខនេះ កម្ពុជា​នឹង​បញ្ជូន​អ្នកឯកទេស​ ក៏ដូចជា​ខាង​វិស័យ​ឯកជន ​សិល្បៈ ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​មួយ​នៅ​ទីក្រុង​មូ​ស្គូ ដោយ​រៀបចំ​ជា​ស្តង់​ដ៏​ធំ​បង្ហាញ​សមិទ្ធផល​ទេសចរណ៍​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិសេស​យុវជន រុស្ស៊ី ​ដែលជា​អ្នក​ចាយ​លុយ​ដ៏​ធំជាង​គេ​នៅលើ​ពិភពលោក និង​ទេសចរណ៍​ចូលនិវត្តន៍​ដែល​អាច​ស្នាក់នៅ​យូរ​មកកាន់​កម្ពុជា​”​។

​សូមបញ្ជាក់ថា ភ្ញៀវ​ទេសចរណ៍​ចេញ​ក្រៅប្រទេស​ក្នុង​១​ឆ្នាំ​ជាង​៤១​លាន​នាក់ ​នៅ​ឆ្នាំ​២០១៤ ក្នុង​នោះ​មក​អាស៊ី​ មាន​ចំនួន​ជាង​១​លាន​នាក់ ​ហើយ​ទៅលេង​ច្រើន​ជាងគេ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សឹង្ហ បូរី ជាដើម ​ហើយ​កម្ពុជា​ក៏​ត្រូវ​បាន​រុស្ស៊ី​សម្លឹង​ជាទី​ផ្សារ​ដ៏​ល្អ​សម្រាប់​គេ​នា​ពេល​ខាងមុខនេះ​៕

   
   

មតិយោបល់