ត្បូងឃ្មុំៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ មង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ម្ចាស់ផ្ទះដែលឆេះមានឈ្មោះ ហែម សុភឿន អាយុ៤០ឆ្នាំ ភេទប្រុស មានប្រពន្ធឈ្មោះ អ៊ុង សុខន អាយុ៤២ឆ្នាំ មានកូនចំនួន៣នាក់ ផ្ទះទំហំ៥គុណ៧ កម្ពស់២ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិងបន្ទាំ ខណៈដែលម្ចាស់ផ្ទះ ទៅបេះស្វាយចន្ទីនៅខេត្តមណ្ឌលគីរី នៅតែកូនស្រីម្នាក់នៅចាំផ្ទះ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះដែលឆេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង។ ក្នុងនោះខូចខាតឆេះម៉ូតូឆាលី១គ្រឿង ខោអាវនិងសម្ភារៈមួយចំនួន។
ក្រោយពេលកើតហេតុ គេសង្កេតឃើញមានឡានទឹកពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃស្រុក ជួយអន្តរាគមន៍ពន្លត់រហូតដល់រលត់៕
មតិយោបល់