ព័ត៌មានជាតិ

ហ៊ាននោះហ៊ាន ! ជនជាតិចិនតៃវ៉ាន់ម្នាក់ លួចបង្ហោះម៉ាស៊ីន​ Drone នៅកន្លែងហាមឃាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​: ​​បុរស​អ្នក​ទេសចរ​ជនជាតិចិនតៃវ៉ាន់ម្នាក់​ ត្រូវបានកម្លាំង​សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ័យជំនះ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានសហការគ្នា​​​ឃាត់ខ្លួន ខណៈដែលបុរសរូបនេះ បាន​ប្រើប្រាស់​ម៉ាស៊ីន​ថត​ប្រភេទ Drone មក​មក​បង្ហោះថតយកទិដ្ឋភាពមួយចំនួន នៅបរិវេណព្រះបរមរាជ្យវាំង ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុចសួនច្បារខាងមុខព្រះបរមរាជវាំងផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនបរទេសដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ Tsao Cheng Hsiang ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ស្នាក់នៅសណ្ឋាគារឡឺប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោមសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក និងកាន់លិខិតឆ្លងដែនលេខ៣១៣១៦៤៦២២ ។
សំភារៈវត្ថុតាងដែលត្រូវបានដកហូតរួមមាន ម៉ាស៊ីន​ប្រភេទ Drone មួយគ្រឿងបំពាក់កាម៉ារ៉ាម៉ាក DJi inspirepro ពណ៌ខ្មៅ និងតេឡេបញ្ជាកាម៉ារ៉ា ២គ្រឿង ជើងកាម៉ារ៉ាថតរូប ១គ្រឿង វ៉ាលីសំរាប់ដាក់សម្ភារៈចំនួន ១ ។

យោងតាមសំដីពីមន្ត្រី​នគរបាល​មូលដ្ឋាន​ បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុគេ​​ឃើញ​បុរសជនជាតិចិនតៃវ៉ាន់ម្នាក់នោះពេលមកដល់ចំណុចកើតហេតុបានបើកកាបូបយកម៉ាស៊ីន Drone បំពាក់កាម៉ារ៉ាបង្ហោះថតចាប់យករូបភាព និងទិដ្ឋភាព តំបន់ព្រះបរមរាជ្យវាំង ដែលជាតំបន់ហាមឃាត់នោះ ដោយឃើញដូច្នេះកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសន្តិសុខខណ្ឌបានសហការគ្នាចាប់ឃាត់ខ្លួនបុរសចិនតៃវ៉ាន់ម្នាក់នោះ នាំមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ខណ្ឌដូនពេញ រួចបញ្ជូនបន្តទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់