កណ្តាលៈ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកអង្គស្នួលបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តកណ្តាល បន្តបង្ក្រាបទីតាំងស្តុកកែច្នៃឈើអត់ច្បាប់ចំនួន៤ទីតាំងទៀតហើយ។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ថា ទីតាំងដែលកម្លាំងយើងចុះបង្ក្រាបគឺនៅក្នុងភូមិចម្ការចិន ឃុំម្កាក់ ស្រុកអង្គស្នួល ទាំងអស់។
សូមរំលឹកថា ទីតាំងស្តុកឈើប្រណីត និងកែច្នៃឈើ២កន្លែងនៅក្នុងភូមិចម្ការចិន និងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាប និងរឹបអូសឈើប្រណីតបានចំនួន៩៧ដុំ និង៨៥ បន្ទះប្រហែល៥ម៉ែត្រគូប និងដកហូតម៉ាស៊ីនកែច្នៃ ឈើមួយចំនួននិងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ផងដែរ កាលពីរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីជំនាញព្រៃឈើ មេឃុំ មេភូមិ ផងដែរ។
លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យPost News បានឲ្យដឹងថា ទីតាំងបង្ក្រាបខាងលើនោះទី១ មានទីតាំងនៅក្នុងភូមិចម្ការចិន ឃុំម្កាក់ ស្រុកអង្គស្នួល ធ្វើការរឹបអូសឈើប្រណីតប្រភេទធ្នង់ដុំ៩៧ដុំ និង៨៥បន្ទះសរុបជាគូបប្រហែលជា៥ម៉ែត្រគូប និងម៉ាស៊ីនសម្រាប់ជ្រៀកកែច្នៃឈើមួយចំនួនផងដែរ និងទីតាំងមួយកន្លែងទៀតនៅក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកស្នួល ហើយម្ចាស់ទីតាំងទាំង២នេះមានឈ្មោះ ផុន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ។
លោកបានបន្តទៀតថា មុនពេលចុះបង្ក្រាបទីតាំងទាំង២កន្លែងនោះ ដោយទទួលព័ត៌មានពីមហាជនល្អថាមានទីតាំង កែច្នៃឈើខាងលើលួចដឹកឈើប្រណីតតាមរថយន្តស៊េរីទំនើបចូលមកទម្លាក់នៅពេលយប់ ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកលោកស្នងការនគរបាលខេត្តកណ្តាល និងមានការសហការ ពីជំនាញព្រៃឈើ ក៏ដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ទើបលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃើញរថយន្ត២គ្រឿងម៉ាកឡិចស៊ីស មួយគ្រឿង ពណ៌ស្ករ ពាក់លេខ ភ្នំពេញ 2AH-2637 និងរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX330 មិនចាំស្លាកលេខ បម្រុងទម្លាក់ឈើ ទើបកម្លាំងចូលបង្ក្រាបឃាត់បានរថយន្តមួយគ្រឿងម៉ាកRX 300 ភ្លាមនោះរថយន្តមួយគ្រឿងទៀតម៉ាកRX330 បានព្យាយាមបើកគេចខ្លួនបាត់ ។
លោកបានបន្តថា ក្រោយកម្លាំងចូលបង្ក្រាបរួចនិងឃាត់ម្ចាស់ទីតាំងខាងលើទើបដឹងថា នៅមានទីតាំងមួយកន្លែងទៀតនៅក្នុងភូមិត្រពាំងត្នោត ដែលជាទីតាំងសម្រាប់នាំយកឈើទៅស្តុកនិងចែកចាយបន្ត និងកែច្នៃផងដែរ និងមានឈ្មួញនៅរង់ចាំទិញបន្តផងដែរ ។
បើយោងតាមម្ចាស់ទីតាំងខាងលើបានរៀបរាប់ប្រាប់នគរបាលនោះថា គេបានទំនាក់ទំនងជាមួយនាយប៉ុស្តិ៍ម្កាក់ ក៏ដូចជាជំនាញព្រៃឈើស្រុកអង្គស្នួល និងមន្ត្រីប៉េអឹមផងស្រុកផងដែរ ដោយជំនាញព្រៃឈើគិត លុយជាក្បាលរទេះ ។ចំណែកប៉េអឹមស្រុកវិញគឺបង់ជាខែ តាមមន្ត្រីម្នាក់ ដែលជាមន្ត្រីប៉េអឹមផង និងជាអ្នកកាសែតផងដែរ បើមិនដូច្នេះគេមិនអាចធ្វើបាននោះទេ។
បើយោងតាមប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនោះ បាននិយាយថា ទីតាំងគឺធ្វើសកម្មភាពអារជ្រៀកនៅតែពេលយប់នោះទេ ដោយជញ្ជូនឈើចូលនិងលក់ចេញនៅពេលយប់ផងដែរ ដោយមានជនជាតិចិន និងវៀតណាមចាំទិញបន្តដោយដឹកជញ្ជូនចេញបន្តតាមរយៈរថយន្តទ្រង់បិទជិត មានរថយន្ត ទំនើប២ទៅ៣គ្រឿងដើរមើលផ្លូវផងដែរ។
ពាក់ពន្ធ័នឹងករណីនេះ បើតាមលោក ណយ ពុទ្ធ មេភូមិត្រពាំងត្នោត បាននិយាយថា ទីតាំងនេះលោកធ្លាប់សុំប័ណ្ណប៉ាតង់គេមើលគឺអស់សុពលភាពតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ៕
មតិយោបល់