ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ៩កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ស្តែង ដោយបានដកហូតថ្នាំញៀនចំនួន៩កញ្ចប់តូច កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ប៉ែន ស៊ីថា ហៅថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង សហកាជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់។ ដោយសមត្ថកិច្ចយើងបានដកហូតនៅម្សៅក្រាមពណ៌សថ្លា ចំនួន៩កញ្ចប់តូច, ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់