ព័ត៌មានជាតិ

ឈរតាមដងផ្លូវ សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន

ភ្នំពេញៈ បុរសជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការចាប់ឃាត់ខ្លួន។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ខាងជើងផ្សារបន្លែ ភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប្រាក់ ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

មុនឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចខាងលើក៏បានប្រទះឃើញបុរសជាជនសង្ស័យកំពុងតែឈររេរាៗ ដោយមានការសង្ស័យក៏បានហៅមកធ្វើការសួរនាំ និងឆែកឆេរបានប្រទះឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅ ក៏ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ នៅប៉ុស្តិ៍នគរបាលច្បារអំពៅទី បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៅទៀត៕

មតិយោបល់