ព័ត៌មានជាតិ

ស្រ្តីពោះធំ៣ខែត្រូវជនសង្ស័យ៣នាក់ព្រួតវាយ ខណៈពេលប្រាប់ថា កុំនោមលើឥដ្ឋការ៉ូ

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពីបទហិង្សាដោយចេតនា (ព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែបណ្តាលរបួស) នៅចំណុចមុខភោជនីយដ្ឋាន យី សាង ផ្លូវព្រះស៊ីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួន គឺ៖
១/ឈ្មោះ តាំង លីណា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២/ ឈ្មោះ ជុំ សោភា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
៣/ឈ្មោះ អុំ កល្យាណ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ សៅ ដេត ភេទស្រី អាយុ ៣៦ឆ្នាំ​ ជនជាតិខ្មែរមុខរបរ មើលការអនាម័យបង្គន់សាធារណៈមាត់ទន្លេមានទីលំនៅផ្ទះជួល លេខ០១១H ផ្លូវលេខ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវរងរបួសថ្ពាល់ខាងស្តាំ ចុងបបូរមាត់ខាងស្តាំ និងពោះ មានផ្ទៃពោះ(៣ខែ)។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុ វេលាម៉ោង ៥និង០០នាទី ជនរងគ្រោះនៅមើលអនាម័យបង្គន់សាធារណៈមាត់ទន្លេក្បែរ
ភោជនីយដ្ឋាន យី សាង ផ្លូវព្រះស៊ីសុវត្តិភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ស្រាប់តែឈ្មោះ តាំង លីណា ភេទស្រី អាយុ ៣៦ឆ្នាំ បានមកចូលបន្ទប់ទឹកបង្គន់ ហើយបាននោមនៅក្រៅចានបង្គន់អនាម័យ ពេលនោះជនរងគ្រោះបានប្រាប់ កុំនោមអ៊ីចឹងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ ពេលនោះឈ្មោះ តាំង លីណា បានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះ ហើយឈ្មោះ អុំ កល្យាណ អាយុ ១៥ឆ្នាំ បានស្ទុះព្រួតវាយទៅលើជនរងគ្រោះហើយក៏ប្រតាយប្រតប់ភ្លាមនោះ ឈ្មោះ ជុំ សោភា ភេទស្រី អាយុ ៣១ឆ្នាំ បានចូលព្រួតវាយទៀត បណ្តាលឲ្យជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ បបូរមាត់ស្តាំ និងចំកណ្តាលពោះមួយកន្លែង ទៀតដែលកំពុងមានផ្ទៃពោះ៣ខែ បន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះឃើញ អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។

ក្រោយសាកសួរកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់