ព័ត៌មានជាតិ

ចោរស្ទើរភ្លើង លួចម៉ូតូខុសបច្ចេកទេសជាប់ខ្នោះសមត្ថកិច្ច !

ភ្នំពេញៈ បុគ្គលិកហាង អាយធីកុំព្យូទ័រ ម្នាក់កំពុងធ្វើការ ទុកម៉ូតូចោលមិនចាក់សោក ត្រូវជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចបណ្តើរម៉ូតូបានប្រហែល១៥ម៉ែត្រ សំណាងអាក្រក់ ត្រូវគេប្រទះឃើញដេញបង្កឲ្យការភ្ញាក់ផ្អើល ដល់នាយប៉ុស្តិ៍កំពុងតែល្បាតក្នុងមូលដ្ឋាន ក្របួចជាប់ជាក់ស្តែងភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងអាយធីកុំព្យូទ័រ ផ្ទះលេខ២៨១ ផ្លូវកម្ពុជាក្រោម ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះមានឈ្មោះ ឆៃ ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិក្បៀ ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកធ្វើការងារនៅចំណុចកើតហេតុខាងលើ ដោយបានទុកម៉ូតូចោលនៅខាងក្រៅហាង មិនបានចាក់សោក និងបានដើរទិញទឹកផឹកនៅក្បែរកន្លែងកើតហេតុ ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់ មានឈ្មោះ កែវ ស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអូរឫស្សី ស្ថិតនៅសង្កាត់ផ្សារអូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបណ្តើរម៉ូតូគុបមូល ពណ៌ស ស្លាកលេខ ភ្នំពេញ 1AM-1596 ចេញពីកន្លែងកើតហេតុ បានសម្ងាយប្រហែល១៥ម៉ែត្រ ទើបម្ចាស់ក្រឡេកឃើញ ក៏នាំគ្នារត់ដេញតាមចាប់ ។ រីឯជនសង្ស័យដឹងថាម្ចាស់ដេញតាមក៏ផ្តួលម៉ូតូទុកចោលរត់យករួចខ្លួន តែមិនផុតក៏ត្រូវបានលោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាពកំពុងធ្វើការល្បាតតាមផ្លូវដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋានប្រទះឃើញមានភាពសង្ស័យក៏ចាប់ឃាត់ខ្លួនភ្លាមៗតែម្តង ។

បច្ចុប្បន្នម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ដោយឡែកជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/k_-mdu7RlaQ

មតិយោបល់