ភ្នំពេញៈ ជនជាតិចិនម្នាក់ ត្រូវបានជនសង្ស័យចំនួន៣នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច និងប្រតាយប្រតប់ធ្លាក់ជនសង្ស័យម្នាក់ ប្រគល់ជូនសមត្ថកិច្ចខណ្ឌសែនសុខ បន្តឈានទៅឆែកឆេរចាប់បានជនសង្ស័យម្នាក់ទៀតនិងម៉ូតូ២គ្រឿង ដាវកែច្នៃ២ដើម ទូហ្គេមបាញ់ត្រី និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីឆក់កាបូបស្ពាយជនជាតិចិននេះ កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សៅ សុខអៀម អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំវត្តតាំងកសាងខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយមានស្រុកកំណើតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី២ឈ្មោះ ចាន់ រ៉ាវីត អាយុ៣៤ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប និងជាអ្នកយាមផ្ទះ ដែលសមត្ថកិច្ចឆែកឆេរខាងលើ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូបមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា មុននឹងឈានមកចូលឆែកឆេរនៅទីតាំងផ្ទះគ្មានលេខ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានករណីក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកមួកសុវត្ថិភាព វាយបុរសជនជាតិចិនដែលជិះម៉ូតូគុបជ្រុងម្នាក់ឯង ដើម្បីឆក់យកកាបូបស្ពាយមិនបានសម្រេច ក៏ត្រូវបុរសជនជាតិចិនប្រតាយប្រតប់ទាញធ្លាក់ជនសង្ស័យដែលជិះនៅខាងក្រោយ។ ភ្លាមៗនោះកម្លាំងល្បាតនគរបាលនៃអធិការខណ្ឌសែនសុខ ចុះមកដល់កន្លែងកើតហេតុចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានសាកសួរតាមក្របួចបក្ខពួកបន្ត រហូតដល់ម្តុំវត្តតាំងក្រសាំងខាងត្បូងតែមិនមានលទ្ធផល ក៏ជនសង្ស័យបានប្រាប់ទីតាំងដែលខ្លួននិងបក្ខពួកតែងតែសម្ងំលាក់ខ្លួនលេងល្បែងហ្គេមបាញ់ត្រី និងប្រើប្រាស់គ្រឿងញៀនជាចំណុចចុងក្រោយ ទើបកម្លាំងនគរបាលនៃអធិការខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ម៉ក់ ហុង និងមានការសម្របសម្រួលដោយព្រះរាជ្ញារងប្រចាំខណ្ឌសែនសុខ បានធ្វើការចុះគាស់កាត់សោដើម្បីធ្វើការឆែកឆេរ នៅទីតាំងផ្ទះខាងលើ។
ជាលទ្ធិផលជាក់ស្តែងក្នុងប្រតិបត្តិការឆែកឆេរ កម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដកហូតម៉ូតូចំនួន២គ្រឿង ដាវកែច្នៃចំនួន២ដើម ទូរហ្គេមបាញ់ត្រីមួយគ្រឿង ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន។ ដោយឡែកម៉ូតូចំនួន២គ្រឿងមានម៉ូតូម៉ាកវ៉េវ ដែលជាម៉ូតូធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនាំទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
https://youtu.be/_yxB9na1yWQ
មតិយោបល់