ព័ត៌មានជាតិ

Update៖រន្ធត់!ជិះម៉ូតូមិនប្រយត្ន័ ត្រូវរថយន្តទេសចរណ៍១២កៅអីបុកអូសជិត៣០ម៉ែត្រស្លាប់មួយរំពេច

កំពតៈ លោក តាន់ សារ៉ាវុធ អធិការនគរបាលស្រុកដងទង់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសម្នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿងចេញពីផ្លូវតូចឡើងមកផ្លូវជាតិវិញ មិនមើលឆ្វេងស្តាំ ត្រូវរថយន្តទេសចរណ៍១២កៅអី បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះត្រូវរថយន្តអូសជិត៣០ម៉ែត្រ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម គួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

លោកអធិការនគរបាល ស្រុកដងទង់ បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ តូ សីហា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកអ្នកបើកបររថយន្តទេសចរណ៍១២កៅអី មានឈ្មោះ សាមុត បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កែប 1A-0407 ធ្វើដំណើរចេញពីផ្លូវតូច ឡើងមកកាន់ផ្លូវជាតិ ហើយប្រកាន់ស្តាំ បើកឡើងពីត្បូងទៅជើង ហើយបានបត់ទៅទិសខាងលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តហ៊ីយ៉ាន់ដាយ ១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3C-1434 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ បុកម៉ូតូជនរងគ្រោះពេញទំហឹង ដោយសារតែល្បឿនរថយន្តនៅមាន ក៏បណ្តាលឲ្យជនរងគ្រោះដែលនៅខាងក្រោមត្រូវរថយន្តអូសជិត៣០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័មគួរឲ្យរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងបាននាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុក រង់ចាំធ្វើការធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់