ព័ត៌មានសុខភាព

បើសំបកចេកមានប្រយោជន៍ខ្លាំងយ៉ាងនេះ អ្នកច្បាស់ជាលែងហ៊ានបោះចោលទៀតហើយ

នរណាៗក៏ដឹងដែរថា ផ្លែចេកពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនអនេកចំពោះសុខភាព និងសម្រស់ ក៏ប៉ុន្តែមនុស្សភាគច្រើន​មិនទាន់ដឹង​អំពីគុណសម្បត្តិ​នៃសំបក​របស់វាឡើយ។ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា សំបកចេក​មានអត្ថប្រយោជន៍​អស្ចារ្យ៦យ៉ាង​ដែល​មនុស្ស​ភាគច្រើន​មិនធ្លាប់ដឹង។

១.ធ្វើឲ្យធ្មេញស
ប្រសិនបើលោកអ្នកចង់បានធ្មេញសស្អាត អាចយកសំបកចេក មកត្រដុសនឹងធ្មេញឲ្យបាន ៣ដងក្នុងមួយថ្ងៃ ក្នុងរយៈពេល២សប្តាហ៍ច្បាស់ជាបានផល។

២.កម្ចាត់ស្បែកកើតឬស
ប្រសិនបើអ្នកមានស្បែកកើតឬស នៅចំណុចណាមួយនៃរាងកាយ លោកអ្នកអាចយកសំបកចេកមកត្រដុស ហើយបិតវាទុកឲ្យបាន១០-១៥នាទី។ អ្នកគួរតែអនុវត្តវាឲ្យបាន ៣ដងក្នុងមួយថ្ងៃ រហូតដល់ឬស បាត់អស់រលីងពីស្បែករបស់អ្នក។

៣.មុន និងស្នាមជ្រួញ
ផ្លែចេក ពិតជាមានប្រយោជន៍ណាស់សម្រាប់រាងកាយ និងស្បែកមនុស្ស ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្តល់សំណើមដល់ស្បែក ដើម្បីទទប់ស្កាត់ភាពចាស់។ រីឯសំបកចេកក៏ដូចគ្នាដែរ ហេតុនេះអ្នកគួរតែយកសំបកចេកទៅបិតលើតំបន់ដែលមានភាពស្រអាប់ ឬមានភាពជ្រីវជ្រួញ ហើយទុកវាឲ្យបាន៣០នាទី ប៉ុន្តែក្នុងមួយថ្ងៃត្រូវអនុវត្តឲ្យបាន ២-៣ដង។

៤.បំបាត់អាការរមាស់ក្រោយមុសខាំ
យកសំបកចេក មកត្រដុសលើកន្លែងដែលមានមុសខាំថ្មមៗ នោះអាការរមាស់នឹងបាត់ទៅវិញ។

៥.សម្អាតស្នាមប្រលាក់
សំបកចេក ក៏អាចយកទៅលាងជម្រះវត្ថុមានតម្លៃដូចជា ក្រដាស់ប្រាក់ ស្បែកជើង ឬសំភារៈដែលធ្វើអំពីស្បែក ដើម្បីធ្វើឲ្យ​របស់ទាំងនោះ​មានភាពភ្លឺរលោកចែងចាំងដូចថ្មី។

៦.ការពារពីកាំរស្មី UV
ជាតិជ័រដែលមានលើសំបកចេក ក៏អាចការពារភ្នែករបស់អ្នក ដែលទទួលរងការប៉ះពាល់ពីកាំរស្មី UV បាន ដោយគ្រាន់តែឧស្សាហ៍យកសំបកចេកទៅបិតលើភ្នែក(ពេលអនុវត្តត្រូវបិទភ្នែក) ហើយទុកវាឲ្យបាន ១០-១៥នាទី។ ធ្វើរបៀបនេះ លោកអ្នកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយផងដែរ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកត្រូវតែប្រើសំបកចេក ដែលទើបតែបកចេញផ្លែភ្លាមៗ៕

មតិយោបល់