ព័ត៌មានជាតិ

Update៖ ក្មេងៗដោតឌុយឆ្នាំងបាយមិនប្រយត្ន័ ឆ្លងចរន្តឆេះផ្អើលទាំងព្រលឹម

ភ្នំពេញៈ ហេតុការណ៍ភ្នាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគេឃើញផ្សែងយ៉ាងខ្មួរខ្មាញ់ បានហ៊ុយចេញពីជាន់ទី២ ក្នុងផ្ទះល្វែងដែលគេជួល ខាងក្រោមធ្វើជាជាងទងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអាជីវករដែលកំពុងលក់ដូរក្នុងផ្សារសំណង់១២ រួមនិងទាំងកម្លាំងមានសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះល្វែងជួលលេខ អឹម៤ ផ្លូវ២៦៥ ក្រុម៣៦ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ផ្ទះខាងលើនេះ គឺមានឈ្មោះ ឃឹម ទូច ភេទស្រី អាយុ៦៥ឆ្នាំ ដែលជាមើលថែក្មេងស្នាក់នៅ ជាប្រភេទផ្ទះល្វែងជួល ដែលមានទំហំ ៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ ។

ក្នុងនោះដែរ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម គេសង្កេតឃើញសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានចុះមកធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះចេញពីជាន់ទី២នេះឲ្យរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចឲ្យដឹងថាបណ្តាលមកពីក្មេងដោតឌុយឆ្នាំងបាយ ធ្វេសប្រហែសក៏បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីផ្ទុះឆេះ ហើយរត់ចុះមកខាងក្រោម ប្រាប់ចាស់ៗឲ្យឡើងទៅមើល តែម្តង សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់របួសនោះទេ គ្រាន់តែខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន និងសំលៀកបំពាក់មួយចំនួនតែប៉ុណ្ណោះ៕

មតិយោបល់