ព័ត៌មានជាតិ

២ថ្ងៃ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះ ១០១ខ្នង រន្ទះបាញ់មនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស

កំពង់ធំៈ រយៈពេល២ថ្ងៃជាប់ៗគ្នា ចាប់ថ្ងៃទី១១ និងទី១៣ ខែឧសភា ឆ្នាំ២០១៦ ខ្យល់កន្ត្រាក់ បានវាយប្រហារ ផ្ទះ១០១ខ្នង រងការខូចខាត និងដួលរលំ រន្ទៈបាញ់សម្លាប់មនុស្សម្នាក់ និង២នាក់ទៀតរងរបួស នៅស្រុកសណ្ដាន់ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឡង គីសឹង អភិបាលស្រុកសណ្ដាន់ បានប្រាប់ឲ្យដឹងថា នៅម៉ោង៨ និង៤៥នាទី យប់ថ្ងៃទី១១ មានហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បានបោកបក់ ប៉ះពាល់ចំនួន៣ឃុំ ក្នុងស្រុកសណ្ដាន់ គឺ ឃុំសណ្ដាន់ ឃុំមានជ័យ និងឃុំខ្លែង បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១៣ខ្នង ត្រូវបានដួលរលំ និង១៣ខ្នងរងការ ខូចខាត របើកដំបូល និងជញ្ជាំង ជាមួយគ្នានេះ រន្ទះបាញ់ បានសម្លាប់ជីវិតមនុស្សម្នាក់ និងម្នាក់ ទៀតរបួសធ្ងន់។

លោកអភិបាលស្រុក បានសំដែងការសោកស្ដាយ និងចូលរួមរំលែកទុកជាមួយគ្រួសារសព និងបានអំពាវអំនាវ ឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ធម្មជាតិនេះ។

ដោយឡែកយោងតាមរបាយការណ៍ របស់នគរបាលស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៣នេះ ក៏បានឲ្យដឹងថា នៅស្រុកកំពង់ស្វាយ កាលពីរសៀលម៉ោង ២ និង២៨នាទី ថ្ងៃទី១២ ខែឧសភា នេះ មានភ្លៀងបង្អូរ១មេ លាយឡំដោយខ្យល់កន្ទ្រាក់ និងរន្ទះ បានវាយប្រហារមកលើ ៣ឃុំដែរ គឺសានគរ ឃុំ កំពង់ស្វាយ និងឃុំជ័យ ក្នុងនោះ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត និងដួលរលំ ចំនួន ៧៥ខ្នង ,គោ១ក្បាលងាប់ និងមនុស្សស្រីម្នាក់បានរងរបួសស្រាល ដោយសារតែរន្ទះបាញ់។

នៅព្រឹកថ្ងៃទី១៣នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលចុះជួយអន្តរាគមន៍រុះរើ និងរៀបចំផ្ទះដែលដួលរលំ និងរងការខូចខាត ទាំងនោះ និងពិនិត្យលំអិត នូវការខូចខាត ដោយគ្រោះធម្មជាតិនេះ៕

WW RSP2 RSP1

មតិយោបល់