បន្ទាយមានជ័យៈ ស្ត្រីម្នាក់រងរបួសក្បាលហូរឈាមស្រោចខ្លួនដោយសារស្នាដៃបុរសម្នាក់វាយនិងដំបងឫស្សី បន្ទាប់ពីផ្ទុះជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ។ ហេតុការណ៌ខាងលើ កើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២ឧសភា២០១៦ នៅភូមិជ្រៃឃុំបឹងបេងស្រុកម៉ាឡៃ។
ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លន់ ចាន់នី អាយុ៥៣ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះរងរបួសក្បាលចំនួន២កន្លែងត្រូវជនបង្កឈ្មោះ ឡាច រ៉ា អាយុ៤០ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុដូចគ្នាវាយនិងដំបងឫស្សីដោយសារជម្លោះពាក្យសំដីស្ត្រីរងគ្រោះស្រវឹងឡូឡារំខានគេឯង។
យ៉ាងណាក៏ដោយជនបង្កត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបឹងបេង សហការជាមួយប្រជាការពារភូមិធ្វើការឃាត់ខ្លួនភ្លាមៗហើយ។
នគរបាលរដ្ឋបាលប៉ុស្តិ៍បឹងបេងប្រាប់តាមទូរស័ព្ទថា ជម្លោះខាងលើកើតឡើងដោយសារដំបូងស្ត្រីរងគ្រោះមកពីធ្វើការផឹកស្រាស្រវឹងជេរកូនចៅ និងឡូឡាលុះជនបង្កទៅហាមឃាត់សុំកុំឲ្យឡូឡាព្រោះរំខានការដេកពួនអ្នកស្រុក ស្រាប់តែស្ត្រីរងគ្រោះប្រើពាក្យអសុរោះស្រែកថា(ទើសក្បាលអីហែង) ភ្លាមនោះជនដៃដល់ទ្រាំមិនបានក៏ទាញដំបងវាយបែកក្បាលតែម្តង។
នគរបាលដដែលនេះបន្តថា ស្ត្រីរងគ្រោះក្រោយកើតហេតុត្រូវបានសាច់ញាតិនាំទៅមណ្ឌលសុខភាពបឹងបេង ដើម្បីឲ្យក្រុមគ្រូពេទ្យព្យាបាល ឯជនបង្កត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ត៕
មតិយោបល់