ព័ត៌មានជាតិ

រថយន្ត១គ្រឿង ត្រូវអគ្គិភ័យឆេះឡើងហុយទ្រលោម បង្កការភ្ញាក់ផ្អើល នៅខេត្តកំពង់ចាម

កំពង់ចាម: នៅថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង២០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើង ឆេះរថយន្ត១គ្រឿង ឡើងហុយទ្រលោម តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខមន្ទីរស្រុកបាធាយ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក ហីណូ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម ៣A ៨១៩៣ បើកបរដោយឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឫស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានវាក់និងកូនឡានក៏បង្អង់ល្បឿនបត់ឆ្វេង ហើយបានចាប់ហ្វាំងពេលនោះ សឺមីរឺម៉ក ក៏បានរុញបត់ក្បាលប៉ះនិងពីដុងប្រេងចំនួន០៣កាន ដែលដាក់នៅខាងក្រោយកាប៊ីន បណ្តាលឲ្យធ្លាយឆេះតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅអ្នកបើកបរ មកសាកសួរនិងត្រួតពិនិត្យ មានប័ណ្ណបើកបរ០១សន្លឹក និងបានធ្វើតេស្តរកសារធាតុញៀននិងជាតិស្រវឹង អវិជ្ជមាន
។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត ដើម្បីបាញ់ពន្លត់អគ្គិភ័យខាងលើ​នេះ កុំឆេះរាលដាលបន្តទៀត ៕

មតិយោបល់