មានសេចក្ដីរាយការណ៍មួយបានបញ្ជាក់ថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយនឹងក្រុមហ៊ុន China Telecom ដែលតាមការសន្មត់ប្រហែលជាពាក់ព័ន្ធនឹងរឿង iPhone តម្លៃថោក និងពិនិត្យមើលពីមូលហេតុនៃការលក់ធ្លាក់ចុះនៅចិន។
ប្រភព tech.ifeng.com បានរាយការណ៍ថា នាយកប្រតិបត្តិរូបនេះ បានជួបពិភាក្សាជាមួយនឹងប្រធានជាន់ខ្ពស់របស់ China Telecom នៅក្នុងសប្ដាហ៍នេះ ដោយយោងតាមការចុះផ្សាយប្រហែលជាពាក់ពន្ធនឹងរឿងពាក្យចចាមអារ៉ាម iPhone តម្លៃថោក តែគេមិនបានដឹងថា Tim Cook ត្រឡប់ទៅសហរដ្ឋអាមេរិកវិញកាលពីពេលណានោះទេ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ដោយសារតែកិច្ចពិភាក្សាខាងលើជារឿងសម្ងាត់ ដូច្នេះហើយទើបលទ្ធផលនៃការពិភាក្សាមិនត្រូវបានបង្ហាញជាសាធារណៈ។
ប្រភពផ្សេងគ្នាមួយទៀតបាននិយាយថា លោក Tim Cook មកចិនក្នុងគោលពង្រឹងការលក់នៅក្នុងប្រទេសចិនជាមួយនឹងដៃគូឲ្យល្អប្រសើរឡើង បន្ទាប់ពីតួលេខនៃការលក់បានធ្លាក់ចុះកាលពីត្រីមាសមុន។
គួរបញ្ជាក់ផងដែរថា កាលពីខែមីនាឆ្នាំ២០១២ នាយកប្រតិបត្តិរូបនេះធ្លាប់បានមកកាន់ប្រទេសចិនម្ដង ហើយក្រោយមកទៀតនៅខែមករាឆ្នាំ២០១៣ក៏បានមកម្ដងទៀត ប៉ុន្តែកាលពីពេលនោះ Cook មកជាផ្លូវការ៕
មតិយោបល់