ភ្នំពេញៈ បុរសជាជនជាតិចិនដីគោកម្នាក់ បានឆក់ខ្សែរភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាចិន សែនសុខ ទៅដឹកដើម្បីយកមកសង្គ្រោះអាយុជិវិត តែអនិច្ចសង្ខាមិនទៀង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់លើរថយន្តទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានឃ្លាំងបង្កក HUN TY ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ ធុង ជឺហ្វុង អាយុ៤៥ឆ្នាំ ជាជនជាតិចិនដីគោក មុខរបរជាងភ្លើង ស្នាក់នៅក្នុងការដ្ឋានឃ្លាំងបង្កក HUN TY ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រភពបានបន្តថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះខាងលើ បានចូលតាមប្រឡោះតូចខាងក្រោយអាគារ តែម្នាក់ឯង ដើម្បីតភ្លើង ក្រោយមកក៏មានជនជាតិចិនម្នាក់ទៀត បានដើរកាត់មកឃើញជនរងគ្រោះដេកនៅក្នុងប្រឡោះខាងលើទៅវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងទំនាក់ទំនងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមកដឹកយកទៅសង្គ្រោះ។
ប្រភពផ្សេងទៀត បានប្រាប់Post News ថា គាត់ជាអ្នកបើករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិន សែនសុខ ហើយនៅមុនពេលកើតហេតុមានបុរសម្នាក់ជាអ្នកបកប្រែបានខលមករថយន្តសង្គ្រោះមកដឹកជនរងគ្រោះនៅចំណុចខាងលើដើម្បីយកមកសង្គ្រោះ ខណៈមកដល់មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាចិនជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងរថយន្តទៅហើយ ក្រោយមកខាងមន្ទីរពេទ្យបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យតែម្តង។
ក្នុងករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យហើយនោះបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើង ពិតប្រាកដមែន បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅក្លាស្សេទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅពេលក្រោយតាមប្រពៃណី ៕
មតិយោបល់