ព័ត៌មានជាតិ

សង្ស័យស្រវឹងមកដេកលើថ្នល់រថភ្លើង កិនដាច់ជើងនិងដងខ្លួនស្លាប់យ៉ាងរន្ធត់!

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹង បានមកដេកនៅលើផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងចេញដំណើរពីក្រុងភ្នំពេញ កិនដាច់ជើងត្រឹមកជើងខាងស្តាំ១កំណាត់ និងដងខ្លួនគួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី អធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសម្តីរបស់បងប្រុសម្នាក់ត្រូវប្អូនថ្លៃរបស់ជនរងគ្រោះដែលស្លាប់ខាងលើបានប្រាប់ភ្នាក់ងារPost Newsថា បុរសដែលស្លាប់នេះមាន ឈ្មោះ ម៉ាក ឈុន អាយុប្រហែល២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិអង្គ សង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យក្បែរកន្លែងកើតហេតុតែម្តង។

គាត់បន្តទៀតថា មុនពេលកើតហេតុ ប្រហែលយប់ជ្រៅវ គាត់បានខលទូរសព្ទទៅសួរបងថ្លៃ ឈ្មោះ ម៉ាក ឈុន សួរថាគាត់នៅឯណា ? ហើយពេលនោះ បុរសឈ្មោះ ម៉ាក ឈុន បានឆ្លើយតបថា គាត់នៅអង្គុយលេងនៅខាងមុខ ដោយដឹងនិងឭបែបនេះហើយ គាត់ក៏ចូលទៅសម្រាន្តមុន ស្រាប់តែមួយសន្ទុះធំក្រោយគាត់បានឭប្រជាពលរដ្ឋក្នុងភូមិឆោរឡោផ្អើលឡូឡារ គាត់ក៏អើតមកមើលនិងគេ ក៏ដឹងរឿងថា បងថ្លៃរបស់គាត់ឈ្មោះ ម៉ាក ឈុន ត្រូវរទះភ្លើងកិនស្លាប់បាត់ទៅហើយ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា បុរសរងគ្រោះអាចផឹកស្រា ស្រវឹងហើយព្រមមិនចូលផ្ទះសម្រាន្ត ហើយគេអាចមកគេងនៅលើផ្លូវដែកស្តាប់បទចម្រៀង ស្របពេលដែលមាន រថភ្លើងបើកមក ក៏កិន ពីលើដោយមិនដឹងខ្លួន ធ្វើឲ្យជនរងគ្រោះស្លាប់គួរឲ្យអាសូរ ដាច់ជើងមួយកំណាត់យ៉ាងរន្ធត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យដល់កន្លែងហេតុ និងបានប្រគល់សាកសពបុរសរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់