ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថាបើយោងការបញ្ជាក់របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តាមបណ្ដាញទំនាក់ទំនងសង្គម Telegram នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា អង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជូនលោក ហង្ស សាមឿន ដល់តុលាការបន្ទាយមានជ័យហើយ ហើយតុលាការបានពិនិត្យភស្តុតាង សួរចម្លើយ និងបានទទួលចោទប្រកាន់ជនសង្ស័យហើយ ពីបទ វីតិក្រម យោងតាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
បើយោងតាម សេចក្តីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នថា លោក ហង្ស សាមឿន បានយកអំណាចមុខងារ ភារកិច្ចរបស់ខ្លួនដែលច្បាប់ប្រគល់ឲ្យធ្វើការ គាបសង្កត់ ទារប្រាក់ ពីជនរងគ្រោះ ដោយគ្មានការខ្លាចញញើតអ្វីទាំងអស់ ។ នៅពេលជនរងគ្រោះដែលមានសាលក្រមស្ថាពរហើយ ហើយត្រូវមកសុំលិខិតបញ្ជាក់សាលក្រមស្ថាពរ និងរូបមន្តអនុវត្ត ក្នុងនាមជាក្រឡាបញ្ជីកាន់សំណុំរឿង ហង្ស សាមឿន ធ្វើទុក្ខបុកម្នេញ អូសពេលវេលាឲ្យរង់ចាំនេះ រង់ចាំនោះ និងទារប្រាក់ជាថ្នូរ ទើបបំពេញភារកិច្ចរបស់ខ្លួន ។ គ្រាន់តែថ្លៃចុះផ្សាយព័ត៌មានកាសែត ហង្ស សាមឿន ទារមួយទំព័រ៧០ដុល្លារអាមេរិក សរុបប៉ុន្មានទំព័រត្រូវផ្តល់ឲ្យ១០០០ដុល្លារអាមេរិក ។ បំណងរបស់ ហង្ស សាមឿន ក៏តម្រូវឲ្យអ្នករងគ្រោះបង់ប្រាក់ ឲ្យខ្លួនដល់ ៤ម៉ឺនដុល្លារអាមេរិក ឬ ២ម៉ឺនដុល្លារអាមេរិក បូកនិងកាត់ដីមួយដុំក៏បាន ឬទាមទាររថយន្តម៉ាស្តារមួយគ្រឿងក៏បាន ។
លោក ហង្ស សាមឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ ៕
មតិយោបល់