ព័ត៌មានជាតិ

ពលករខ្មែរ១០នាក់ វិលត្រឡប់ពីថៃ ចូលព្រៃមីន ផ្ទុះដាច់ជើងម្នាក់

បន្ទាយមានជ័យ:ពលករម្នាក់ ក្នុងចំណោម១០នាក់ ខណ:វិលត្រឡប់ពីថៃ វង្វេងព្រៃចូលចម្ការមីន ក្នុងតំបន់សផ្ទុះដាច់ជើងម្ខាង ឯ៩នាក់ទៀត ព្រលឹងចុងសក់។ ហេតុការណ៌ខាងលើកើតឡើងកាលពីវេលាម៉ោងជាង១២ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជ្រក់ សែត ភេទប្រុស អាយុ១៦ឆ្នាំ មកពីភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ជនរងគ្រោះដាច់ជើងខាងស្តាំ និងរងរបួសយ៉ាងដំណំ។ សមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ព្រៃគប់ បានដោះមីន ចូលទៅសង្រ្គោះជនរងគ្រោះ បាននៅវេលាម៉ោងជិត៣រសៀល ថ្ងៃដដែល។

គេឃើញលោក សូរ ចាន់ណារី មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៩១១ រួមជាមួយអាជ្ញាធរ មានទាំងរថយន្តសង្រ្គោះ របស់អង្គការកាំម៉ា បានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ចំណែកពលករប្រុសស្រីផ្សេងទៀត ៩នាក់កុមារា១ និងស្ត្រីម្នាក់កំពុងត្រូវបានសមត្ថកិច្ចហៅសួរនាំ ដើម្បីចង់ដឹងពីការពិតមុន ដើរចូលចម្ការមីននោះ៕

photo_2016-05-14_16-00-32 (2) photo_2016-05-14_16-06-33 photo_2016-05-14_16-06-34

photo_2016-05-14_16-06-33 (2)

មតិយោបល់