ព័ត៌មានជាតិ

ដោះលែងអ្នកបើកទូកដរ បញ្ជូនខ្លួនអ្នកបើករថយន្តមកកាន់តុលាការ ពីបទធ្វើឲ្យកើតមានសោកនាដកម្ម ស្លាប់មនុស្ស៧នាក់

កណ្តាល ៖ ​​​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៦​ លោក លឹម សុគន្ធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​​ស្រុក​ស្អាង​ ដោះលែង​អ្នក​បើកបរ​ទូកដរ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ បន្ទាប់ពី​សមត្ថកិច្ច​ស្តាប់​យក​ចំលើយ​ចប់​សព្វគ្រប់​ពាក់​ព័ន្ធ​ករណី​សោកនាដកម្ម​ស្លាប់​មនុស្ស​៧​នាក់​ នៅ​ចំណុច​កំពង់​ដរ​របស់ខ្លួន​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​សមត្ថកិច្ច​បាន​នាំ​ខ្លួន​បញ្ជូន​​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​។
អ្នក​បើក​ទូកដរ​ដែល​បាន​ត្រូវ​ដោះលែង​ ឲ្យ​មាន​សេរីភាព​វិញ​ ​កាល​ព្រឹក​ថ្ងៃទី​៤ ​មិនា ​ឆ្នាំ​២០១៦​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល​លោក លឹម​សុគន្ធា ​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ ដើម្បី​បើក​ការ​ស៊ើបអង្កេត​។
​លោក លឹម​សុគន្ធា ​​ ព្រះរាជអាជ្ញា​ បាន​ថ្លែង​ឲ្យ​ដឹងថា​ លោក​បាន​ឲ្យ​សម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​អ្នក​បើក​ទូកដរ​ដើម្បី​ធ្វើការ​សួរនាំ​ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ទូកដរ​បណ្តាល​ឲ្យ​មនុ​ស្ស​៧​នាក់​ បាន​បាត់​បង់ជីវិត ​ហើយ​បើ​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​​ករណីនេះ​ទេ​ គឺ​មិន​ត្រូវ​បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​ឡើយ​។
លោក​វរៈសេនីយ៍ទោ​ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​ បានឲ្យដឹង ​នៅ​ព្រឹក​ថ្ងៃទី​៥ ​មិនា​ថា ​ ​លោក លឹម​សុគន្ធា ​​ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្ដាល​ បាន​បញ្ជា ឲ្យ​ដោះលែង ឈ្មោះ​ ស៊ិន រតនា ហៅ​ខុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​(​អ្នក​បើក​ទូកដរ​ និង​ដាក់​កំណល់​រថយន្ត​)​មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ សាក់ សា​រាក់​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ឌី​ណា​ម៉ូ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូ​សង្កាត់​ព្រែកហូ​ ក្រុង​តាខ្មៅ​ ត្រូវបាន​នាំ​ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។                                           
លោក​អធិការ​ស្រុក​ស្អាង ​បាន​បញ្ជាក់ថា​ កាលពី​យប់​ថ្ងៃទី​៣​ មេសា ​ឆ្នាំ​២០១៦​បន្ទាប់ពី​មាន​ឧប្បត្តិហេតុ ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ឆ្លង​ដរ​ បណ្តាលឲ្យ​ធ្លាក់​ទឹក​ស្លាប់​មនុស្ស​៧​នាក់​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ឲ្យមាន​មនុស្ស​៧​នាក់​ស្លាប់ ។​
សូម​រម្លឹកថា ​សោកនាដកម្ម​មួយ​គ្រួសារ​គួរ​ឲ្យ​អាសូរ ធ្វើឲ្យ​មនុស្ស​ប្រុស​ ស្រី​ចំនួន​៧​នាក់​ក្នុងចំណោម​១១​នាក់​ បាន​បាត់​បង់ជីវិត​ដោយ​ឧ​ប្ប​ត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​បើករថយន្ត ឆ្លង​ដរ​បណ្តាល​ឲ្យ​ធ្លាក់ទឹក​ទន្លេ​នៅ​ព្រលប់​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៦​ នេះ​នៅ​ចំណុច​លើ​កំពង់ដរ​ព្រែក​ខ្សេវ​ភូមិ​អុងប៉ាង​ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ខ​ណៈវិល​ត្រលប់​មកពី​ឆេង​ម៉េង​នៅ​ឃុំ​ខ្ពប​។
លោក​វរសេនីយ៍ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​ បានឲ្យដឹងថា ​រថយន្ត​ដែល​ធ្លាក់ទឹក​ទន្លេ​ គឺ​មាន​ម៉ាក​លុច​ស៊ី​ស RC300 មាន​អ្នកបើកបរ និ​ង​អ្នករួមដំណើរ​ក្នុង​រថយន្ត​១១​នាក់​ បាន​ចេញពី​ឆេង​ម៉េង​ នៅ​ភូមិ​ខ្ពប ​ហើយ​បំណង​មក​លំនៅឋាន​វិញ​នៅ​សង្កាត់​ព្រែក​សំរោង ​ក្រុង​តាខ្មៅ តែ​ដោយសារ​តែ​អ្នកបើកបរ​ជាន់​ហ្គ្រែរ​ជ្រុលពេល​ដល់​កំពង់ចម្លង​ព្រែក​ខ្សេវ​អុងប៉ាង ​ក៏​រថយន្ត​ស្ទុះ​ធ្លាក់ចូល​ទឹកទន្លេ​លេច​ បណ្ដាល​ឱ្យ​មនុស្ស​ក្នុង​រថយន្ត​៧​នាក់​ស្លាប់​ មាន​ចាស់ មាន​ក្មេង ។
លោក​អធិការ ​បាន​បញ្ជាក់ថា​ ជនរងគ្រោះ​៧​នាក់​ដែល​ស្លាប់​នោះ​មាន​ក្មេង​៥​នាក់​ និង​មនុស្ស​ចាស់​២​នាក់​។​ដោយឡែក​មនុស្ស​ចាស់ៗ​៤​នាក់ ​ក្នុងនោះ​មានតែ​កុង​ម្នាក់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​។                                                 
លោក​អធិការ​ស្រុក​ស្អាង ​បានបញ្ជាក់​ថា មុន​កើតហេតុ​ជនរងគ្រោះ​ជនរងគ្រោះ​១១​នាក់​ បាន​ទៅ​សង្កត់​ថ្នូរ​(​ឆេង​ម៉េង​)​នៅ​ឃុំ​ខ្ពប​ លុះដល់​ម៉ោង​ជា​៧​យប់​ថ្ងៃទី​៣​ មិនា​ ឆ្នាំ​២០១៦ ​បាន​ត្រឡប់​មកផ្ទះ​វិញ​ហើយ​ក៏​ត្រូវ​ឆ្លង​ដរ​នៅ​ចំណុច​កំពង់ដរ​ព្រែក​ខ្សេវ​ ពេលនោះ​កម្មករ​ទូកដរ​បាន​រៀប​ក្តា​ដាក់ឲ្យ​រថយន្ត​ឆ្លង​ស្រាប់តែ​រថយន្ត ​របស់​ជនរងគ្រោះ​បាន​ហោះ​ផុត​ដរ​បណ្តាល​ឲ្យ​ធ្លាក់ទឹក​ហើយ​មនុស្ស​៧​នាក់​ ដែល​នៅ ​ក្នុង​រថយន្ត​ថប់ ​ដង្ហើម​ស្លាប់​តែម្តង​។

   
    
    
    
    
    
 

មតិយោបល់