ព័ត៌មានជាតិ

ពលរដ្ឋនៅជាប់ដងស្ទឹងប៉ៃលិនកំពុងអត់ទឹកប្រើប្រាស់ ខណៈទឹកស្ទឹងនេះប្រែក្លាយជាល្អក់កករឡើងពណ៌ក្រហមដូចឈាម

ប៉ៃលិនៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ ទឹកស្ទឹងប៉ៃលិន ដែលជាដង្ហើមជីវិត សម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិ ដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិ នា-នាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ ស្រាប់តែប្រែក្លាយទៅជាល្អក់កករ ហូរពីលើមកសុទ្ធតែភក់ជ្រាំ ដូចខ្ទុះខួរត្រីអណ្តែង ពោលគឺប្រើប្រាស់លែងកើតតែម្តង។

ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ គីម សុធាន អាយុ៣៥ឆ្នាំ រស់នៅភូមិបរហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឲ្យដឹងថា រហូតមកព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ខណៈលោកបម្រុងនឹងចុះទៅក្នុងស្ទឹង ដើម្បីដងទឹកយកមកដាក់ពាងសម្រាប់ប្រើប្រាស់ក្នុង ក្រុមគ្រួសារ ដូចសព្វមួយដង ស្រាប់តែឃើញទឹកប្រែក្លាយទៅជាល្អក់កករ ឡើងពណ៌ក្រហមពេញក្នុងស្ទឹង ហើយមានសុទ្ធតែកម្ទេចដី ដូចជាដំបៅខ្ទុះខួរអណ្តែង តាំងពីលើរហូតដល់ក្រោមតែម្តង ដោយហូរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។

លោកបន្តទៀតថា ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរស់នៅប្រប(ជាប់) ដងស្ទឹងប៉ៃលិននេះ តែងតែដង ឬបូមទឹកយកមកប្រើប្រាស់ដូចជា ងូត ដាំបាយ ចម្រោះទឹកផឹក បោកសម្លៀកបំពាក់ និងស្រោចស្រោបដំណាំជាដើម។ ដូច្នេះនៅពេលដែលគ្មានទឹកប្រើ អ្នកខ្លះត្រូវចំណាយលុយទិញទឹកស្អាតពីក្រុមហ៊ុនយកមកប្រើប្រាស់ អ្នកខ្លះទិញលក់តាមឡានយកមកប្រើ ហើយបើនៅតែល្អក់កករបែបនេះទៀត ពួកគាត់ម្នាក់ៗ ប្រាកដជាជួបការលំបាកក្នុងការរស់នៅមិនខាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យភ្ញាក់ងារ ប្រចាំខេត្តប៉ៃលិនដឹងថា ការល្អក់ទឹកក្នុងស្ទឹងប៉ៃលិននេះ គឺដោយសារកម្លាំងវិស្វកម្មកំពុងឈូសឆាយដីធ្វើផ្លូវក្រវ៉ាត់ព្រំដែន ហើយនៅពេលមានភ្លៀងធ្លាក់នៅលើភ្នំជោគជាំខ្លាំង ក៏ហូរអាចន៍ដីចូលក្នុងស្ទឹងបណ្តាលឲ្យល្អក់កករបែបនេះតែម្តង៕

https://youtu.be/nAm3aWd8F8o

មតិយោបល់