ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ស្គាល់កំណើនប្រាក់ចំណេញទាបបំផុត ក្នុងរយៈកាល ៥ ឆ្នាំ ខណៈការប្រកួតប្រជែងពុះកញ្ជ្រោល

ក្រុមហ៊ុនផលិតស្មាតហ្វូន និងបរិក្ខារទូរគមនាគមន៍របស់ចិន Huawei Technologies Co., Ltd. នៅថ្ងៃសុក្រនេះ បានថ្លែងឱ្យដឹងថា កំណើនប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន មានល្បឿនយឺតបំផុត គិតចាប់ពីឆ្នាំ ២០១១ ខណ:ខ្លួនបានបន្ថែមការចំណាយដើម្បីបង្កើនចំណែកទីផ្សារ និងការប្រកួតប្រជែងក្នុងទីផ្សារកំពុងមានភាពខ្លាំងក្លា។

ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុក Oppo និង Vivo ដែលពីមុនមិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេង បានធ្វើឱ្យក្រុមហ៊ុន Huawei ដែលមានមូលដ្ឋានក្នុងទីក្រុង Shenzhen ធ្លាក់ពីតារាងកំពូលនៃក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតក្នុងប្រទេសកាលពីឆ្នាំមុន។

នាយកប្រតិបត្តិផ្លាស់វេនរបស់ក្រុមហ៊ុន Huawei លោក Eric Xu បានថ្លែងឱ្យដឹងថា «ប្រាក់ចំណូលកើន និងប្រាក់ចំណេញថេរ នឹងមិនបន្តកើតឡើងទៀតនោះទេ»។

ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់លេខ ៣ របស់ពិភពលោក ដែលឈរពីក្រោយក្រុមហ៊ុន Apple និង Samsung បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងឆ្នាំ ២០១៦ ទទួលបាន ៥.៣ ពាន់លានដុល្លារ គឺបានកើន ០.៤ ភាគរយ ។

ក្រុមហ៊ុនបានប្រើប្រាស់ប្រាក់ចំណេញចំនួន ០.៧១ ពាល់លានដុល្លារ សម្រាប់ចាយវាយបន្ថែមទៅលើផ្នែក Consumer Business ដើម្បីជាផ្នែកមួយក្នុងការបង្កើនកេរ្តិ៍ឈ្មោះម៉ាកសញ្ញា Huawei ដំណាលគ្នាជាមួយការពង្រីកអាជីវកម្មស្មាតហ្វូនរបស់ខ្លួន៕

ប្រភពព័ត៌មាន: reuters

មតិយោបល់