ព័ត៌មានជាតិ

Zoomer-X វ៉ាជែងរថយន្តជ្រុលទៅបុកកង់បីពេញទំហឹង របួសធ្ងន់ដោយខ្លួនឯង

បន្ទាយមានជ័យ: លោកមេប៉ុស្តិ៍ឬស្សីក្រោក បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូZoomer-Xមួយគ្រឿង បើកជែងរថយន្តមួយគ្រឿងមិនប្រយត្ន័ ជ្រុលទៅបុករម៉កកង់បីមួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ កឹង ឆាយហេង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូZoomer-X បានឡើងជែងរថយន្តដែលបើកនៅខាងមុខ ស្រាប់តែជ្រុលទៅបុកនឹងម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-3949 ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូZoomer-X រងរបួសធ្ងន់បាក់ឆ្អឹង ស្មងជើងខាងឆ្វេង និងប៉ះស្មាខាងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកអ្នកបើករម៉កកង់បី គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់