ព័ត៌មានជាតិ

ឆេះបន្ទប់ជួលមួយកន្លែង ផ្អើលទាំងព្រលឹមស្រាងៗ!

ភ្នំពេញ: អណ្តាតភ្លើងលាយឡំនិងផ្សែងសជាច្រើន បានហុយចេញពីបន្ទប់ជួលជាន់ទី៣ ដែលជួលដោយបុរសជនជាតិចិនម្នាក់ដែលរួមរស់ជាមួយប្រពន្ធនិងកូន ស្នាក់នៅ បានឆាបឆេះទាំងព្រឹកព្រលឹមបង្កឲ្យភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យ ចុះមកកន្លែងកើតហេតុដើម្បីត្រៀមបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៤០នាទី ព្រលឹមថ្ងៃទី២ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខាងជើងវត្តភ្នំតែម្តង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុខពេលកើតហេតុគេបានឭសំឡេងឈ្លោះប្រកែកនៅបន្ទប់ជាន់ទី៣នោះយ៉ាងខ្លាំង ដោយមិនដឹងមានរឿងអ្វីឡើយ ហើយស្រាប់តែមួយម៉ោងក្រោយមក ក៏មានអ្នកក្បែរនោះស្រែកឡូឡារថាមានភ្លើងឆេះហើយ ទើបពួកគាត់នាំគ្នារត់ចេញមកមើល ក៏ឃើញអណ្តាតភ្លើងលាយនិងផ្សែងស ហុយចេញពីបន្ទប់ជួលជាន់ទី៣ ដែលជួលដោយបុរសជនជាតិចិនម្នាក់នោះ កំពុងឆាបឆេះ ធ្វើឲ្យមនុស្សជាច្រើននាក់ភ័យប្រញាប់សមត្ថកិច្ច អ្នកខ្លះហៅរថយន្តពន្លត់អគ្គិភ័យ និងខ្លះទៀត ក៏រត់ឡើងយកបំពង់ពន្លត់អគ្គិភ័យ និងធុងទឹកទៅបាញ់ពន្លត់កន្លែងដែលកំពុងឆាប់ឆេះនោះ ដោយស្ថានភាពការឆាប់ឆេះភ្លើងនោះមិនទាន់ខ្លាំង ក៏ប្រជាពលរដ្ឋទីនោះអាចគ្រប់គ្រងបាន ធ្វើឲ្យភ្លើងរលត់ទៅវិញ ។

ទោះជាយ៉ាងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីត្រៀមបាញ់ពន្លត់ភ្លើងផងដែរ ។ ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់បន្ថែមទៀតថា បន្ទាប់ពីកើតហេតុបុរសជនជាតិចិនដែលអ្នកជួលបន្ទប់ជួលនោះបានរត់ចុះមកក្រោមទាំងមុខនិងខ្លួនប្រឡាក់ខ្មៅដូចគេលាបម្សៅអញ្ចឹង ហើយនិងមានរបួសឈាមបន្តិចផងដែរ ។

ដោយឃើញបែបនេះប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានសង្ស័យថា ភ្លើងឆាបឆេះនេះអាចបុរសជនជាតិចិនគាត់ជាអ្នកដុត ព្រោះគេចូលទៅខាងក្នុងឃើញឆេះតែពូកប៉ុណ្ណោះ ហើយចំណែកប្រពន្ធកូនរបស់បុរសជនជាតិនោះពួកគាត់មិននៅផ្ទះទៀត ដោយបានឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយទើបមានភ្លើងឆេះកើតឡើង។ តែយ៉ាងណាករណីអគ្គិភ័យនេះគេមិនទាន់ដឹងមូលហេតុកើតឡើងច្បាស់នៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចធ្វើកំណត់ហេតុនិងសាកសួរនាំនៅកន្លែងកើតហេតុផងដែរ ៕

មតិយោបល់