ព័ត៌មានជាតិ

ផឹកស្រវឹង ចាប់ច្របាច់កក្មេងស្រីអាយុ១៤ឆ្នាំរំលោភមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្ដាល: ប្រភពព័ត៌មានពីភ្នាក់ងារ Post Newsបានរាយការណ៍មកថា មានបុរសជាកម្មករសំណង់ម្នាក់ ផឹកស្រវឹង បានលបចូលក្នុងបន្ទប់ក្មេងស្រីអាយុ១៤ឆ្នាំ ធ្វើសកម្មភាពចាប់ច្របាច់កនិងបឺតមាត់ រួចចាប់រំលោភតែមិនបានសម្រេច ដោយសារក្មេងស្រីខំរើបម្រាស់រួច ក៏ស្រែកឆោឡោឲ្យគេជួយទាន់ និងឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់កម្មករ ក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ តន់ សាវរី ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតនៅ ភូមិធ្លកដំណាក់លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាម្មករសំណង់ ។ ចំណែកជនរងគ្រោះឈ្មោះ វ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ស្រុកកំណើតភូមិដូនមារឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ មុខរបរជាកម្មករសំណង់ ដូចគ្នា។

នគរបាលបានឲ្យដឹងបន្ថែមថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ម្នាក់ឯងក្នុងបន្ទប់ដោយមិនបានដាក់គន្លឹះទ្វារ ពេលយប់ស្ងាត់ ស្រាប់តែជនសង្ស័យដែលមានសភាពស្រវឹងស្រាជោគជាំ មានកាន់កូនកាំបិតមុខ២
ជាប់ដៃផង បានបើកទ្វារចូលទៅបន្ទប់ជនរងគ្រោះធ្វើសកម្មភាពចាប់ឱបបំណងរួមភេទ តែជនរងគ្រោះមិនព្រម ក៏បានរើបម្រាស់ពេលនោះ ស្រាប់តែសង្ស័យបានចាប់ច្របាច់ក និងខាំបឺតមាត់ជនរងគ្រោះបណ្តាលឲ្យរយះហូរឈាម។ ពេលនោះជនរងគ្រោះបានរើបម្រាស់និងស្រែកហៅអ្នកនៅបន្ទប់ជិតគ្នាឲ្យជួយ ទើបកម្មករដេកបន្ទប់ជាប់គ្នា ឮក៏បាននាំគ្នាចូលទៅជួយចាប់ជនសង្ស័យបាន និងប្រគល់ឲ្យនគរបាល តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជនរងគ្រោះបំណងរំលោភពិតប្រាកដមែន ដោយសារខ្លួនផឹកស្រាស្រវឹងហើយ មានអារម្មណ៍ចង់រួមភេទ ក៏ចាប់ជនរងគ្រោះប៉ងរំលោភ តែរំលោភមិនបានសម្រេច ត្រូវគេមកទាន់ចាប់ខ្លួនវាយនិងនាំមកប្រគល់ឲ្យនគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់