ព័ត៌មានជាតិ

Update៖ រថយន្ត២គ្រឿងប្រឡះគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តមួយគ្រឿងខ្ទាតទៅចំណែកផ្លូវម្ខាង មនុស្ស៣នាក់របួសធ្ងន់!

បាត់ដំបងៈតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកកាមរីឆ្លាម បានបើកទៅបុកនឹងរថយន្តកាមរីគូទស្វិត បណ្តាលឲ្យរថយន្តម៉ាកកាមរីគូទស្វិត ខ្ទេចទៅចំណែកផ្លូវម្ខាងមនុស្ស៣នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តទាំងសងខាង រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី២១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើ ទី១ឈ្មោះ ដៃ​ វ៉ិត ភេទស្រី អាយុ៤២ឆ្នាំ , ជនរងគ្រោះទី២ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ និងជនរងគ្រោះទី៣ឈ្មោះ ឆាំ ស៊ូ ភេទស្រី អាយុ៧០ឆ្នាំ អ្នកទាំង៣ ស្នាក់នៅភូមិពោធិ៍១ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺដោយសាររថយន្តម៉ាកកាមរីឆ្លាម ស៊េរី៩៨ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-7987 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្តម៉ាក កាមរី៩៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-3862 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង និងមានមនុស្ស៣នាក់រួមដំណើរជាមួយគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកាមរី៩៣ រេចង្កូតធ្លាក់ទៅចំណែកផ្លូវម្ខាង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តទាំងសងខាង បាននាំគ្នារត់យករួចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តនៅនឹងកន្លែង៕

មតិយោបល់